ក្រសួងលើកទឹកចិត្តគ្រឹះស្ថានហិរញ្ញវត្ថុ ឱ្យប្រើប្រាស់យន្តការធានាឥណទាន

ក្រសួងលើកទឹកចិត្តគ្រឹះស្ថានហិរញ្ញវត្ថុ ឱ្យប្រើប្រាស់យន្តការធានាឥណទាន

 

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ (CGCC) ​បាន​លើកទឹកចិត្ត​ឱ្យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រើប្រាស់​នូវ​យន្តការ​ធានា​ឥណទាន ដើម្បី​ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ខណៈ​ការបញ្ចេញ​កម្ចី​ដល់​ក្រុមហ៊ុន​អាជីវកម្ម​ដែល​ខ្វះ​ទ្រព្យ​បញ្ចាំ​ តាមរយៈ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅមាន​កម្រិត​តិចតួច​នៅឡើយ​។

ក្នុង​សិក្ខាសាលា​ស្តីពី​សក្តានុពល​នៃ​គម្រោង​ធានា​ឥណទាន​នៅក្នុង​ការលើកស្ទួយ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា កាលពី​ថ្ងៃទី​ ១៨ ខែ​សីហា លោក រស់ សីលវ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា បានឱ្យ​ដឹងថា រាជរដ្ឋាភិបាល​បាន​ដាក់​ដំណើរការ​នូវ​គម្រោង​ធានា​ឥណទាន​តាមរយៈ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ដែល​មាន​រយៈពេល​ជាង​ ១ ​ឆ្នាំ​មកហើយ ដោយ​គិត​មក​ត្រឹម​ដំណាច់​ខែ​កក្កដា ឆ្នាំ​ ២០២២ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​បាន​គាំទ្រ​លើ​ការបញ្ចេញ​កម្ចី​ថ្មីៗ​ប្រមាណ ៥៧ ​លាន​ដុល្លារ ​ជូន​ដល់​ក្រុមហ៊ុន​អាជីវកម្ម​ដែល​ខ្វះ​ទ្រព្យ​បញ្ចាំ តាមរយៈ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​។

លោក​បន្តថា ទឹកប្រាក់ ៥៧ ​លាន​ដុល្លារ​នេះ​គឺជា​ចំនួន​តិចតួច​នៅឡើយ ប៉ុន្តែ​វា​ជាការ​ចាប់ផ្តើម​នៃ​ការផ្លាស់ប្តូរ​ទម្លាប់​នៃ​ការផ្តល់​កម្ចី ដោយ​មិន​ផ្អែក​លើ​ទ្រព្យ​បញ្ចាំ​នៅក្នុង​ទីផ្សារ​ឥណទាន​របស់​ប្រទេស​កម្ពុជា​។ មិនមែន​តែ​នៅ​កម្ពុជា​នោះទេ យន្តការ​ធានា​ឥណទាន គឺជា​ឧបករណ៍​គោលនយោបាយ​អន្តរាគមន៍​មួយ​ដែល​ត្រូវបាន​ប្រើប្រាស់​ ដើម្បី​គាំទ្រ​ផ្នែក​ហិរញ្ញប្បទាន​នៅក្នុង​សេដ្ឋកិច្ច​នៅតាម​បណ្តា​ប្រទេស​នានា​ក្នុង​សកលលោក​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា ធនាគារជាតិ​នៃ​កម្ពុជា​នឹងដាក់​ចេញ​នូវ​ក្របខ័ណ្ឌ​បទប្បញ្ញត្តិ និង​គោលនយោបាយ​ពាក់ព័ន្ធ​ក្នុង​ការជំរុញ និង​លើក​ទឹកចិត្ត​ឱ្យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រើប្រាស់​យន្តការ​ធានា​ឥណទាន ដើម្បី​ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​»​។

លោក សីលវ៉ា ក៏បាន​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ពិភាក្សា​ពី​បញ្ហា​ប្រឈម​នានា ពិសេស​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម ដើម្បី​រក​ដំណោះស្រាយ​នៅក្នុង​ការប្រើប្រាស់​យន្តការ​ធានា​ឥណទាន​ឱ្យបាន​ទូលំទូលាយ ការសិក្សា​ពី​លក្ខខណ្ឌ និង​នីតិវិធី​នៃ​គម្រោង​ធានា​ឥណទាន​របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ដើម្បី​ពិចារណា​កែសម្រួល តាម​ការចាំបាច់ និង​ស្វែងរក​ឱកាស​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា និង ដៃគូ​អភិវឌ្ឍន៍​ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ ដើម្បី​បង្កើត​គម្រោង​ធានា​ឥណទាន​គាំទ្រ​វិស័យ​សំខាន់ៗ​ដូចជា វិស័យ​កសិកម្ម​, ឧស្សាហកម្ម និង​វិស័យ​ទេសចរណ៍ ជាដើម​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ ហំ ផានិត

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២​

https://pafipayakumbuhkab.org slot thailand slot 4d