ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានថ្លែងថា វេទិកាធុរកិច្ចសម្បុកត្រចៀកកាំកម្ពុជា នឹងជួយជំរុញ និងបង្កើតឱកាសក្នុងការអភិវឌ្ឍវិស័យត្រចៀកកាំកម្ពុជាក្នុងក្របខ័ណ្ឌជាតិ និងពាណិជ្ជកម្ម ជាមួយអន្តរជាតិ ដែលនឹងចូលរួមចំណែកក្នុងការបង្កើនកម្រិតចំណូល របស់ប្រជាជនកម្ពុជា ជំរុញកំណើន សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស។
លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងបែបនេះ កាលពីថ្ងៃទី ២៤ ខែតុលា នាវេទិកាធុរកិច្ចសម្បុកត្រចៀកកាំកម្ពុជា ដែលបានរៀបចំឡើងជាលើកដំបូងនៅកម្ពុជា ក្នុងរយៈពេល ២ ថ្ងៃ គឺចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣។
វេទិកានេះក៏មានការចូលរួមពីពាណិជ្ជករ មកពីបណ្តាប្រទេសដែលនាំចូលសម្បុកត្រចៀកកាំ ដើម្បីកែច្នៃផងដែរ ដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ថៃ ភូមា ចិន (ហុងកុង ម៉ាកា កោះតៃវ៉ាន់) និងសិង្ហបុរីជាដើម ដើម្បីសិក្សាពីគុណភាពសម្បុកត្រចៀកកាំកម្ពុជា ខណៈកម្ពុជា និងចិន បាននិងកំពុងចរចាបើកទីផ្សារនាំចេញសម្បុកត្រចៀកកាំ ទៅប្រទេសចិននាពេលខាងមុខ។
លោក សំហេង បូរ៉ា បានថ្លែងថា៖«វេទិកាធុរកិច្ចសម្បុកត្រចៀកកាំកម្ពុជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងមានសារៈសំខាន់សម្រាប់ការស្វែងយល់កាន់តែច្រើន ពីវិស័យត្រចៀកកាំកម្ពុជា ជាពិសេសបានផ្ដល់ឱកាស ជូនអាជីវករ និងពាណិជ្ជករជាតិ និងអន្តរជាតិ ក្នុងការពង្រឹង និងពង្រីកការធ្វើពាណិជ្ជកម្ម លើវិស័យត្រចៀកកាំ»។
លោកបានថ្លែងថា ការធ្វើអាជីវកម្មក្នុងវិស័យត្រចៀកកាំនៅកម្ពុជា បាននិងកំពុងមានការកើនឡើងជាបន្តបន្ទាប់ តាមរយៈកំណើននៃការសាងសង់ផ្ទះត្រចៀកកាំ ស្ទើរគ្រប់ខេត្តក្រុងនៅទូទាំងប្រទេស រាប់ទាំងរាជធានីភ្នំពេញផងដែរ។
សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ
ដោយ៖ វណ្ណ សុជាតា
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍