ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ២៧ ខែតុលា នឹងរៀបចំពិធីសម្ពោធជាផ្លូវការ ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ទីផ្សារចិនជាលើកដំបូង។ ពិធីនេះរៀបចំធ្វើនៅទីស្ដីការក្រសួងកសិកម្ម ក្រោមអធិបតីភាពលោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
សូមរំឭកជូនថា ទម្រាំសម្រេចបានការងារនេះ ក្រសួងកសិកម្មកម្ពុជា បានចាប់ផ្ដើមដំណើរចរចាដើម្បីបើកទីផ្សារនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន ចាប់តាំងពីខែមិថុនា ឆ្នាំ ២០១៩ មកម្ល៉េះ ដោយក្នុងដំណាក់កាលដំបូង កម្ពុជាបានផ្ញើជូនភាគីចិននូវឯកសារបច្ចេកទេសសម្រាប់ការវិភាគសមាសភាពចង្រៃ។
បន្ទាប់ពីការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យបើកទីផ្សារអស់រយៈពេលជាង ៣ ឆ្នាំរួចមក នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២២ ភាគីចិនបានអនុម័តចុះបញ្ជីជាផ្លូវការនូវចម្ការមៀនចំនួន ៧៤ និងរោងចក្រវេចខ្ចប់ចំនួន ៨ សម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន។
កញ្ញា អ៊ឹម រចនា សមាជិកាខុទ្ទកាល័យរដ្ឋមន្ដ្រីក្រសួងកសិកម្ម ទទួលបន្ទុកផ្នែកព័ត៌មាន បានថ្លែងឱ្យដឹងនៅថ្ងៃទី ២៦ ខែតុលាថា៖ «ចម្ការមៀនដែលទទួលបានការអនុម័តចុះបញ្ជីជាផ្លូវការឱ្យនាំចេញផ្លែមៀនទៅកាន់ទីផ្សារចិនទាំងចំនួន ៧៤ នោះ មាននៅខេត្តប៉ៃលិនចំនួន ៤០ ចម្ការ បាត់ដំបងចំនួន ២៨ ចម្ការ និងបន្ទាយមានជ័យចំនួន៦ចម្ការ។ ដោយឡែក រោងចក្រវេចខ្ចប់ចំនួន ៨ រួមមាននៅខេត្តកណ្តាលចំនួន ១ ខេត្តបាត់ដំបងចំនួន ៣ ខេត្តប៉ៃលិនចំនួន ២ និងខេត្តព្រះសីហនុចំនួន ២»។
បើតាមកញ្ញា អ៊ឹម រចនា ការសម្រេចបាននូវការនាំចេញផ្លែមៀនស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិននាពេលនេះ គឺជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជានិងប្រទេសចិន ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការជួយបង្កើនផលិតកម្ម ការទាក់ទាញវិនិយោគិនចិនក្នុងវិស័យផលិតកម្មកសិកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធវេចខ្ចប់ និងកែច្នៃបម្រើឱ្យការនាំចេញ និងដល់ការបង្កើតការងារនិងបង្កើនប្រាក់ចំណូលរបស់កសិករ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។
នាពេលខាងមុខ កម្ពុជានឹងបើកការចរចាស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ជាមួយអគ្គរដ្ឋបាលគយចិន ដើម្បីបើកទីផ្សារប្រទេសចិន សម្រាប់ការនាំចេញកសិផលកម្ពុជាផ្សេងទៀតជាបន្តបន្ទាប់ ដូចជា ម្រេច ដូងក្រអូប ទុរេន ផលិតផលសម្បុកត្រចៀកកាំ ផ្លែម្នាស់ ផ្លែខ្នុរ និងគ្រាប់ឈូកជាដើម។ល។ នេះបើតាមមន្ដ្រីក្រសួងកសិកម្មដដែល។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ៖ សុទ្ធិ ថងឌី
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២