កិច្ចប្រជុំពិភាក្សាការងារ និងរបាយការណ៍វឌ្ឍនភាពនៃគម្រោង ASEAN-SME រវាង MISTI និង GIZ

កិច្ចប្រជុំពិភាក្សាការងារ និងរបាយការណ៍វឌ្ឍនភាពនៃគម្រោង ASEAN-SME រវាង MISTI និង GIZ

 

នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានរៀបចំកិច្ចប្រជុំផ្លូវការជាមួយ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ GIZ និងដៃគូអភិវឌ្ឍន៍ ដើម្បីបង្ហាញអំពីវឌ្ឍនភាពនៃគម្រោងកិច្ចសហប្រតិបត្តិការអាស៊ាន-អាល្លឺម៉ង់ “ការពង្រឹងរចនាសម្ព័ន្ធសម្រាប់ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមក្នុង អាស៊ាន” ដំណាក់កាលទី១ (ASEAN-SME, Phase I)។ គម្រោងនេះត្រូវបានអនុវត្តចាប់ពីឆ្នាំ 2019 ក្នុងគោលបំណងពង្រឹងមជ្ឈមណ្ឌលសេវាកម្មសហគ្រាសធុនតូច និងមធ្យមអាស៊ាន និងមជ្ឈមណ្ឌលព័ត៌មានជាតិសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងក្របខ័ណ្ឌនៃផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ានសម្រាប់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមឆ្នាំ 2025។

ក្នុងកិច្ចប្រជុំនេះ ក្រុមការងារបានរាយការណ៍អំពីសមិទ្ធផល និងបទពិសោធន៍ក្នុងការអនុវត្តគម្រោង អំឡុងពេលនៃដំណាក់កាលទី១ ប្រមូលយកធាតុចូល និងមតិយោបល់ពីក្រុមជនបង្គោលជាតិ (National Focal Points) នៃគេហទំព័រASEAN Access និង KhmerSME និងពិភាក្សាអំពីគម្រោងASEAN-SME II ដំណាក់កាលទី២ ដែលនឹងចាប់ផ្ដើមពីខែតុលា ២០២២ ដល់ ខែកញ្ញា ២០២៥។ គម្រោងASEAN-SME ដំណាក់កាលទី២ ដែលនឹងចាប់ផ្ដើមនៅខែតុលានេះ ផ្ដោតជាសំខាន់ដល់ការគាំទ្រ ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃរចនាសម្ព័ន្ធផ្សព្វផ្សាយសម្រាប់សកម្មភាពអាជីវកម្មឆ្លងដែន (ការធ្វើអាជីវកម្មក្រៅប្រទេស) របស់សហគ្រាសធុនតូច និងមធ្យមក្នុងអាស៊ាន។

ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កិច្ចប្រជុំនេះបានបញ្ចប់ដោយសាទរ ក្នុងនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រពីរដ្ឋាភិបាលអាល្លឺម៉ង់ និង ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ GIZ តាមរយៈ គម្រោងASEAN-SME ហើយបានប្រកាសគាំទ្រយ៉ាងពេញទំហឹងតាមគ្រប់មធ្យោបាយ សម្រាប់ការអនុវត្តគម្រោង។ នេះរួមបញ្ចូលទាំងការគាំទ្រក្នុងការពន្លឿន លើសំណើសុំគោលការណ៍ឯកភាព និងការរៀបចំនានា រួមទាំងការផ្តល់បន្ទប់ប្រជុំ និងសាល របស់ក្រសួងដោយឥតគិតថ្លៃសម្រាប់វិស័យឯកជនដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការផ្សព្វផ្សាយអាជីវកម្មតាមរយៈគម្រោង។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ក៍បាន ជំរុញឱ្យដៃគូអភិវឌ្ឍន៍ រួមទាំងសមាគមធុរកិច្ច បន្តគាំទ្រ គម្រោង ASEAN-SME និងលើកទឹកចិត្តថ្នាក់ដឹកនាំ មន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជាក្រសួងពាក់ព័ន្ធផ្សេងទៀត ដើម្បីជួយចែករំលែកអោយកាន់តែទូលំទូលាយ នូវគេហទំព័រព័ត៌មានទាំងពីរ៖ ASEAN Access (www.aseanaccess.com) និង KhmerSME (www.khmersme.gov.kh) សម្រាប់ជាប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យម និងសាធារណជន។

កិច្ចប្រជុំនេះក៍មានការចូលរួមពីតំណាងជនបង្គោលជាតិនៃគេហទំព័រASEAN Access ដែលមាន តំណាងសមាគមសហគ្រ័នស្រ្តីកម្ពុជា, សមាគមសហគ្រ័នវ័យក្មេង និងបណ្ដាញដៃគូ៖ EuroCham SHE Investment និង Impact Hub Phnom Penh និងថា្នក់ដឹកនាំ មន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រមាណជា៣០នាក់ចូលរួមតាមប្រព័ន្ធហ៊្សូម។

ដោយ៖ ក្រុមការងារKhmerSME

គេហទំព័រKhmerSME

កាលបរិច្ឆេទ៖ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២​

https://pafipayakumbuhkab.org slot thailand slot 4d