ភ្នំពេញៈ កម្ពុជាសម្រេចការនាំចេញអង្ករបានចំនួនជាង ២២ ម៉ឺនតោន នៅក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២២ នេះ កើនឡើងប្រមាណ ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២១។
សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២២ កម្ពុជាបាននាំចេញអង្ករចំនួន ២២១ ១៣៨ តោន កើនឡើង ១៤,៨៨ ភាគរយ និងនាំចេញស្រូវបានចំនួន ១ ៦៤៨ ៤៧៤ តោន ដោយទាំងស្រូវ និងអង្ករមានតម្លៃទឹកប្រាក់ សរុបមានចំនួន ៥១៦,២១ លានដុល្លារ។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា មានកត្តាសំខាន់ៗចំនួន ០២ ដែលបានជំរុញឱ្យការនាំចេញអង្ករកើនឡើងនៅក្នុងរយៈពេល ៤ ខែនេះ។
លោកបានបញ្ជាក់ថា៖ «ការកើនឡើងនេះ ទី ១ ដោយសារមួយផ្នែកមានកំណើនទៅខាងតំបន់អឺរ៉ុប ដោយសារតែអឺរ៉ុបឈប់យកពន្ធតាំងពីខែមករាមក ទី ២ តម្លៃនាំដឹកជញ្ជូនមានការចុះជាងឆ្នាំមុនបន្តិច ស្របពេលដែលកំណើនទិញពីប្រទេសចិននៅថេរ ដូចនេះវាជាសញ្ញាមួយល្អ ដែលជំរុញឱ្យមានកំណើនបែបនេះ»។
តាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងទៀតថា ក្រុមហ៊ុននាំចេញចំនួន ៤៨ ក្រុមហ៊ុន បានធ្វើការនាំចេញទៅកាន់គោលដៅចំនួន ៥៤ ប្រទេស។ ក្នុងនោះកម្ពុជាបាននាំទៅប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ១១៥ ២៥៥ តោន ឬស្មើនឹង ៥២,១២ ភាគរយនៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់មានចំនួន ៦២,៧៤ លានដុល្លារ។
ដោយឡែក តំបន់អឺរ៉ុបមានបរិមាណ ចំនួន ៦៨ ៥៥៥ តោន ឬស្មើនឹង ៣១ ភាគរយ ទទួលបានទឹកប្រាក់ចំនួន ៥១,០២ លានដុល្លារ។ចំណែក តំបន់សមាជិកអាស៊ាន ចំនួន ២១ ៨៧៦ តោន ឬស្មើនឹង ៩,៨៩ ភាគរយទទួលបានទឹកប្រាក់ចំនួន ១៣,៩០ លានដុល្លារ និងបណ្តាប្រទេសផ្សេងៗ ក្រៅពីតំបន់ខាងលើបានចំនួន ១៥ ៤៥២ តោន ឬស្មើនឹង ៦,៩៩ ភាគរយ គិតជាទឹកប្រាក់មានចំនួន ១១,៧៤ លានដុល្លារ។
អង្ករដែលសហព័ន្ធបាននាំចេញរួមមាន ប្រភេទអង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៦៧,១២ ភាគរយ, អង្ករស ចំនួន ៣០,១៣ ភាគរយ, អង្ករចំហុយចំនួន ១,០៧ ភាគរយ និងអង្ករសរីរាង្គចំនួន ១,៦៨ ភាគរយ៕
សម្រាប់អត្ថបទដើម សូមចូលទៅកាន់ដំណភ្ជាប់នេះ
ដោយ៖ ហ៊ឹន ពិសី
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២