ភ្នំពេញៈ ការនាំចេញសម្លៀកបំពាក់ និងស្បែកជើង ពីកម្ពុជា ទៅទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល ៩ ខែឆ្នាំ ២០២២ មានទឹកប្រាក់ប្រមាណជាង ៨,៦ ពាន់លានដុល្លារ កើនឡើងជិត ២៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន បើទោះបីជាមានភាពមិនច្បាស់លាស់នៃស្ថានភាពសេដ្ឋកិច្ចសកលក្តី។
បើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដែលបានចេញផ្សាយនាដើមសប្តាហ៍នេះបានបង្ហាញថា ការនាំចេញសម្លៀកបំពាក់ និងស្បែកជើង មានតម្លៃជាង ៨,៦ ពាន់លានដុល្លារក្នុងរយៈពេល ៩ ខែដំបូងឆ្នាំ ២០២២ ធៀបនឹងជាង ៦,៩៧ ពាន់លានដុល្លារនៅក្នុងរយៈពេលដូចគ្នាឆ្នាំមុន កើនជាង ២៣,៧៨ ភាគរយ។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ១៣ ខែតុលាថា វាបានកើនឡើង ប៉ុន្តែស្ថិតនៅក្នុងអត្រាការថយចុះ។ កាលពីឆមាសទី១ វាបានកើនឡើងជិត ៤០ ភាគរយ តែនៅពេលនេះការនាំចេញបាន ធ្លាក់ចុះធៀបនឹងខែសីហា។
លោកថ្លែងថា៖ «ការនាំចេញរបស់យើងគឺល្អណាស់នៅក្នុងឆមាសទី១ ឆ្នាំនេះ ដោយកើនឡើង ៤០ ភាគរយ ប៉ុន្តែនៅពេលនេះក្នុងរយៈពេល ៨ ខែដំបូងត្រឹមតែ ២៤ ភាគរយប៉ុណ្ណោះ។ នេះមានន័យថា ក្នុងខែកក្កដា និងខែសីហា វាមានកំណើនអវិជ្ជមាន។ ស្ថានភាពនេះនឹងកាន់តែអាក្រក់នៅត្រីមាសទី៤ ឆ្នាំ ២០២២ និងរហូតដល់ឆ្នាំ ២០២៣។ មិនមានរូបភាពច្បាស់លាស់ណាមួយដែលមើលឃើញនោះទេ ដោយសារតែស្ថានភាពពិភពលោកមានការប្រែប្រួល»។
លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ការកើនឡើងខ្លាំងរបស់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង បញ្ជាក់ពីកំណើនដ៏រឹងមាំនៃសេដ្ឋកិច្ចកម្ពុជា។
លោកលើកឡើងថា៖ «យើងមើលឃើញថា យើងទទួលបានការកើនឡើងខ្លាំងចំពោះការនាំចេញទៅអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលវាជាសញ្ញាវិជ្ជមានខ្លាំងចំពោះទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំង ២ ខណៈដែលយើងជាប្រធានអាស៊ាន។ ប៉ុន្តែទន្ទឹមនឹងនោះ មានការយឺតយ៉ាវនៃការនាំចេញទៅអឺរ៉ុប ដោយសារឥទ្ធិពលនៃសង្គ្រាមអ៊ុយក្រែន ដែលប៉ះពាល់ទៅដល់តម្រូវការនៅទីនោះ។
លោក ខេន លូ បានចង្អុលបង្ហាញថា សេដ្ឋកិច្ចមិនល្អនៃទីផ្សារនាំចេញសំខាន់ៗរបស់កម្ពុជា រួមទាំងអាមេរិក និងតំបន់អឺរ៉ុប គឺជាកត្តាសំខាន់មួយ។ សង្គ្រាមក៏នាំឱ្យអតិផរណាខ្ពស់ផងដែរ។
លោកបន្ថែមថា៖ «នៅពេលនេះអ្នកទិញជាច្រើនមានស្ដុកច្រើននៅក្នុងដៃហើយដូច្នេះពួកគេនឹងដាក់ការបញ្ជាទិញកាន់តែតិច។ ការផុតកំណត់នៃប្រព័ន្ធអនុគ្រោះពន្ធរបស់អាមេរិកក៏មានន័យថា ផលិតផលទំនិញធ្វើដំណើររបស់យើងមិនទទួលបានការរួចពន្ធនៅពេលនេះទេ ហើយការបញ្ជាទិញមួយចំនួនកំពុងត្រឡប់ទៅប្រទេសចិនវិញជាបណ្តោះអាសន្ន»។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ៖ ម៉ៃ គុណមករា
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២