កម្ពុជាបាននាំចេញទំនិញដែលមានតម្លៃ ៦៤,៥ លានដុល្លារទៅកូរ៉េខាងត្បូងក្នុងរយៈពេលពីរខែដំបូងក្នុងឆ្នាំនេះ ជាការធ្លាក់ចុះ ០,៨ ភាគរយធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។
យោងតាមសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េខាងត្បូង ពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ២២,៧ ភាគរយស្មើនឹង ១៩៥,២ លានដុល្លារក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២២។
ចាប់ពីខែមករាដល់ខែកុម្ភៈ កម្ពុជាបានចំណាយប្រាក់ចំនួន ១៣០ លានដុល្លារសម្រាប់ការនាំចូលផលិតផលពីប្រទេសអាស៊ីបូព៌ា ជាការកើនឡើង ៣៩,១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ដែលជា FTA ទ្វេភាគីទីពីររបស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងជាមួយប្រទេសចិន ដែលបានចុះហត្ថលេខាដោយប្រទេសទាំងពីរកាលពីឆ្នាំមុននឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ។
យោងតាមក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា CKFTA នឹងផ្តល់ទំនិញកម្ពុជាជាង ១០.០០០ មុខទំនិញចូលប្រទេសកូរ៉េខាងត្បូងដោយការអនុគ្រោះពន្ធ។
កិច្ចព្រមព្រៀងនេះនឹងជំរុញការនាំចេញ បង្កើនផលិតផលក្នុងស្រុកសរុប បង្កើនឱកាសការងារ និងជួយពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ចទាំងពីរដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។
ប្រទេសនានាអាចពង្រីកទីផ្សារសេរីភាវូបនីយកម្មពាណិជ្ជកម្មបន្ថែមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP)។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបាននិយាយកាលពីថ្ងៃពុធថាទំនាក់ទំនងជិតស្និទ្ធរបស់រដ្ឋាភិបាលទាំងពីរ និងទំនាក់ទំនងសេដ្ឋកិច្ចបានកសាងទំនុកចិត្តដល់វិនិយោគិនពីកូរ៉េខាងត្បូងមកកម្ពុជា ដែលជួយបង្កើនពាណិជ្ជកម្មទ្វេភាគី។
លោកបន្តថា CKFTA នឹងក្លាយជាកត្តាមួយទៀតក្នុងការទាក់ទាញអ្នកវិនិយោគកូរ៉េកាន់តែច្រើនមកកម្ពុជា។
លោកថា៖ «ប្រទេសកូរ៉េ និងកម្ពុជាទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដោយឆ្លុះបញ្ចាំងពីវឌ្ឍនភាពវិជ្ជមាននៃពាណិជ្ជកម្មទៅវិញទៅមករវាងប្រទេសទាំងពីរ»។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ
ដោយ៖ ជា វណ្ណយុទ្ធ
ព័ត៌មាន៖ ខ្មែរថាមស៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២