ភ្នំពេញៈ កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអន្តរជាតិក្នុងទឹកប្រាក់ជាង ១៧ ពាន់លានដុល្លារក្នុងរយៈពេល ៩ ខែ ដើមឆ្នាំ ២០២២ កើនជាង ២២ ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីស្ថានភាពសេដ្ឋកិច្ចសកលនៅមានភាពមិនប្រាកដប្រជា ដោយសារតែការបន្តរីករាលដាលនៃជំងឺកូវីដ ១៩ និងបញ្ហាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
យោងតាមរបាយការណ៍ចុងក្រោយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ-កម្ពុជា ចេញផ្សាយកាលពីថ្ងៃទី ១០ ខែតុលា ទឹកប្រាក់នាំចេញទំនិញរបស់កម្ពុជា នៅក្នុងរយៈពេល ៩ ខែដើមឆ្នាំនេះសម្រេចបានជាង ១៧ ពាន់លានដុល្លារកើនឡើង ២២,១ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ខណៈការនាំចូលមានចំនួនជិត ២៤ ពាន់លានដុល្លារ កើនឡើងជាង ១៥ ភាគរយ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានកត់សម្គាល់ថា ស្របពេលកម្ពុជាសម្រេចបាននូវការធ្វើពាណិជ្ជកម្មសេរីជាមួយប្រទេសធំៗក្នុងតំបន់ ដូចជាចិន និងកូរ៉េខាងត្បូង គួបផ្សំនឹងការចាប់អនុវត្តកិច្ចព្រមព្រៀងសេដ្ឋកិច្ចក្នុងតំបន់គ្រប់ជ្រុងជ្រោយ (RCEP) បានរួមចំណែកក្នុងការលើកកម្ពស់ការនាំចេញនេះ ខណៈទាំងទីផ្សារដែលមានស្រាប់ពិសេសទីផ្សារអឺរ៉ុប និងអាមេរិកក៏នៅតែមានតម្រូវការផលិតផលពីកម្ពុជា។
លោកថ្លែងថា៖ «ការកើនឡើងការនាំចេញនេះ គឺបង្ហាញពីការខិតខំរបស់រដ្ឋាភិបាលក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់យើងជាមួយនឹងប្រទេសចិន និងកូរ៉េ និងបណ្តាដៃគូ RCEP ដែលអនុញ្ញាតឱ្យយើងបង្កើនការនាំចេញកាន់តែច្រើនទៅកាន់ប្រទេសដៃគូរបស់យើង។ កំណើននេះក៏ឆ្លុះបញ្ចាំងអំពីប្រសិទ្ធភាពនៃការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ ១៩ ដោយរដ្ឋាភិបាលផងដែរ ដែលជាកត្តាចម្បងមួយក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច និងវិស័យផលិតកម្ម»។
លោក គី សេរីវឌ្ឍន៍ អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ការនាំចេញកើនឡើងរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានខែនេះគឺដោយសារការបន្តកើនឡើងនៃវិស័យវាយនភណ្ឌ និងកំណើននៃការនាំចេញផលិតផលកសិកម្មមួយចំនួនទៅទីផ្សារចិន និងទីផ្សារដទៃទៀតក្នុងតំបន់អាស៊ានដូចជាប្រទេសថៃ និងវៀតណាម។
លោកបញ្ជាក់ថា៖ «សម្រាប់កំណើននេះ គឺឆ្លុះបញ្ចាំងអំពីស្ថានភាពសេដ្ឋកិច្ចរបស់យើងស្ថិតក្នុងកំណើនមួយដ៏ល្អ។ ជាមួយគ្នានេះយើងក៏បានសង្កេតឃើញថា កំណើនការនាំចេញនាពេលនេះគឺមិនត្រឹមតែកើនឡើងទៅទីផ្សារអាមេរិក និងអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ឃើញកើនឡើងទៅទីផ្សារតំបន់អាស៊ី និងតំបន់នានាផងដែរ ដែលឆ្លុះបញ្ចាំងពីលទ្ធផលនៃការខិតខំធ្វើពិពិធកម្មទីផ្សាររបស់យើងនាពេលកន្លងមក»។
កាលពីចុងខែកញ្ញាធនាគារពិភពលោកបានព្យាករថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ពិតប្រាកដរបស់កម្ពុជានឹងកើនដល់ ៤,៨ ភាគរយដោយកើនពី ៤,៥ ភាគរយនៃការព្យាករកាលពីខែមេសាកន្លងមកសម្រាប់ឆ្នាំ ២០២២ នេះ ដែលគាំទ្រដោយការកើនឡើងនៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ កង់ ក៏ដូចជាកសិកម្មដែលបន្តគាំទ្រការងើបឡើងវិញ។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ៖ ម៉ៃ គុណមករា
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២