រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ថា ប្រទេសកម្ពុជាបាននាំចេញកសិផលចំនួន ៧,៩៨ លានតោនក្នុងឆ្នាំ ២០២១ កើនឡើង ៦៣,៨ ភាគរយពីឆ្នាំមុន។
ដោយត្រូវបាននាំចេញទៅកាន់ប្រទេស និងតំបន់ចំនួន៦៨ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ បានទទួលបានប្រាក់ចំណូលសរុបចំនួន ៤.៩៦ ពាន់លានដុល្លារពីការនាំចេញកាលពីឆ្នាំមុន។
កសិផលសំខាន់ៗសម្រាប់ការនាំចេញរួមមាន អង្ករ កៅស៊ូ ដំឡូងមី ស្វាយ ចេក ម្រេច គ្រាប់ស្វាយចន្ទី ពោត ដូងប្រេង និងថ្នាំជក់ ជាដើម។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ជារួម ព្រះរាជាណាចក្រកម្ពុជា បានឃើញការកើនឡើងយ៉ាងខ្លាំងនៃការនាំចេញកសិផលទាំងអស់ លើកលែងតែអង្ករ។
លោកបានមានប្រសាសន៍ថា កម្ពុជាបាននាំចេញអង្ករសរុបចំនួន ៦១៧,០៦៩ តោនក្នុងឆ្នាំ ២០២១ ធ្លាក់ចុះ ១០,៦ ភាគរយប្រៀបនឹងរយៈពេលមួយឆ្នាំ ដោយលោកបានបន្ថែមថា ប្រទេសកម្ពុជាទទួលបានប្រាក់ចំណូលចំនួន ៥២៧ លានដុល្លារពីការនាំចេញអង្ករកាលពីឆ្នាំមុន។
លោក សាខុន បានមានប្រសាសន៍ថា ប្រទេសចិននៅតែជាប្រទេសកំពូលដែលទិញអង្កររបស់កម្ពុជា ដែលមានចំនួន ៥០.២ ភាគរយនៃការនាំចេញអង្ករសរុបរបស់ព្រះរាជាណាចក្រ ដោយបន្ថែមថាប្រទេសកម្ពុជាបានលក់អង្ករទៅប្រទេសចិនចំនួន ៣០៩,៧០៩ តោន កើនឡើង ៧ ភាគរយ។
ក្រៅពីអង្ករ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជាបាននាំចេញកសិផលជាច្រើនប្រភេទផ្សេងទៀតទៅកាន់ប្រទេសចិន រួមមាន ចេក ស្វាយ ដំឡូងមី និងគ្រាប់ស្វាយចន្ទី។
លោកបានបន្តថា ចេកស្រស់ជិត ៣៧៧, ០០០ តោន ដំណាប់ស្វាយ ១៤, ២៤៦ តោន និងស្វាយស្រស់ ៤, ៧៧១ តោន ដំឡូងមី និងម្សៅ ១០៣, ៩១៨ តោន និងគ្រាប់ស្វាយចន្ទី ៤, ៥៥២ តោនត្រូវបាននាំចេញទៅប្រទេសចិនកាលពីឆ្នាំមុន។ សារព័ត៌មានស៊ីនហួ
សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយៈ សារព័ត៌មានស៊ីនហួ
ព័ត៌មានៈ ខ្មែរថាមស៍
កាលបរិច្ចេទបោះពុម្ពផ្សាយ: ថ្ងែទី២ ខែមករា ឆ្នាំ២០២២