កម្ពុជាបាននាំចេញកសិផលជាង ៦,១៣ លានតោនក្នុងឆមាសទី១ ឆ្នាំ ២០២៤ កើនឡើង ៥៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលរកចំណូលបានជាង ២,៨ ពាន់លានដុល្លារ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ចុះផ្សាយដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃអង្គារនេះ។
របាយការណ៍បានឲ្យដឹងថា ការនាំចេញកសិផលក្នុងឆមាសទីមួយឆ្នាំនេះបានកើនឡើងជាង ២,២៣ លានតោន។ ក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ កម្ពុជាបាននាំចេញកសិផលបានត្រឹមតែ ៣,៩ លានតោនប៉ុណ្ណោះ ដែលរកចំណូលបាន ២,៤ ពាន់លានដុល្លារ។
កសិផលដែលបានរួមចំណែកជំរុញកំណើននៃការនាំចេញរួមមាន អង្ករ ស្រូវ ដំឡូងមីស្រស់ ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទី ពោត ផ្លែស្វាយស្រស់ មៀនប៉ៃលិនស្រស់ និងម្រេច។
ផលិតផលត្រូវបាននាំចេញទៅកាន់ប្រទេសចំនួន៨០ រួមមានវៀតណាម ថៃ ចិន និងកូរ៉េខាងត្បូង។
របាយការណ៍បានបន្តថា “ការនាំចេញកសិផលជាង ៣,៨៦ លានតោន គឺជាផលិតផលមិនមែនអង្ករ ដែលរកចំណូលបានជាង ២,១ ពាន់លានដុល្លារ” និងការនាំចេញអង្ករមានចំនួន៣៣០.០០០ តោន និងស្រូវច្រើនជាង ១.៩២ លានតោន។
របាយការណ៍បន្ថែមថា ក្នុងឆមាសទី១ឆ្នាំនេះ ការនាំចេញអង្កររបស់កម្ពុជាកើនឡើង ២.៧៤ ភាគរយ ស្រូវ ៥៧.២៨ ភាគរយ ម្សៅដំឡូងមីជាង ១០០ ភាគរយ គ្រាប់ស្វាយចន្ទីជាង ៥០ ភាគរយ និងពោត ២៥០ ភាគរយ ខណៈដំឡូងមីស្ងួតថយចុះ ៨ ភាគរយ និងចេកស្រស់ ២២ ភាគរយ។
ការនាំចេញផ្លែស្វាយស្រស់កើនឡើងជាង ១០០ ភាគរយ ស្វាយស្ងួត ៣៨ ភាគរយ ផ្លែមៀនប៉ៃលិនជាង ១២០ ភាគរយ និងម្រេចជាង ១១៧ ភាគរយ ខណៈកសិផលផ្សេងទៀតធ្លាក់ចុះ ១៣ ភាគរយ។
សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ
ដោយ៖ Mom Kunthea
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤
ព័ត៌មាន៖ ខ្មែរថាមស៍