ភ្នំពេញៈ កម្ពុជាប្រមូលបានប្រាក់ជិត ៥១៤ លានដុល្លារ ពីការនាំកង់ទៅលក់លើទីផ្សារអន្តរជាតិ នារយៈពេល ១០ ខែ ឆ្នាំ ២០២១ កើន ២១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ដោយភាគច្រើននាំទៅទីផ្សារសហគមន៍អឺរ៉ុប និងសហរដ្ឋ។ នេះបើតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កំណើននេះបង្ហាញថា ការនាំចេញកង់នៅតែជម្នះបាននូវឧបសគ្គពីវិបត្តិនៃជំងឺកូវីដ ១៩ គ្រាដែលបណ្តាប្រទេសជាច្រើនកាន់តែពេញនិយមចំពោះការជិះកង់។ លោកបន្ថែមថា កម្ពុជាក្លាយជាប្រទេសផ្គត់ផ្គង់ និងផលិតកង់ មានកេរ្តិ៍ឈ្មោះនៅទីផ្សារអឺរ៉ុប ជាពិសេសកង់មានម៉ាកពាណិជ្ជកម្មល្បីៗដូចជា Giant ព្រោះកង់ដែលផលិតនៅកម្ពុជា មានតម្លៃសមរម្យ ខណៈគុណភាពគឺមិនចាញ់ផលិតផលប្រទេសផលិតកង់ដទៃទៀតឡើយ។
លោកលើកឡើងថា ដោយសារកេរ្តិ៍ឈ្មោះ តម្លៃ និងគុណភាព កង់ដែលផលិតនៅកម្ពុជាបានទទួលកំណើននៃការបញ្ជាទិញជាបន្តបន្ទាប់។ លោកបានបញ្ជាក់ថា៖ «ទោះបីកង់ផលិតនៅកម្ពុជាសុទ្ធសឹងតែមានម៉ាកពាណិជ្ជកម្មល្បីៗ ប៉ុន្តែនៅលើស្លាកសញ្ញាតែងមានបញ្ជាក់ថា Made in Cambodia ដែលនេះជាមោទនភាពមួយរបស់កម្ពុជា ក្លាយជាប្រទេសទទួលបានទំនុកចិត្តក្នុងការផលិតទំនិញមានគុណភាពខ្ពស់»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា វិនិយោគិនដែលបានបោះទុនវិនិយោគលើការផលិតកង់នៅកម្ពុជា ភាគច្រើនមកពីកោះតៃវ៉ាន់ និងមានទីតាំងភាគច្រើនក្នុងតំបន់សេដ្ឋកិច្ចពិសេសបាវិត ខេត្តស្វាយរៀង។
លោកបន្ថែមថា កំណើននាំចេញនេះដោយសារតែប្រទេសនៅសហគមន៍អឺរ៉ុប ក៏ដូចជាអាមេរិក បានចាប់ផ្តើមអនុវត្តគោលនយោបាយទីក្រុងបៃតង (Green City) ដែលជំរុញឱ្យមានការជិះកង់ទៅធ្វើការ ឬធ្វើដំណើរលើដងផ្លូវ ដើម្បីកាត់បន្ថយការបំពុលបរិយាកាស។
លោកបានថ្លែងថា៖ «គោលនយោបាយនេះធ្វើឱ្យការផលិតកង់នៅកម្ពុជាមានកំណើនជាបន្តបន្ទាប់ ស្របពេលកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសផ្សេងៗកាន់តែច្រើន រួមទាំងការអនុគ្រោះពន្ធផ្សេងៗទៀត នឹងអាចជំរុញការឱ្យវិនិយោគិនពីប្រទេសផ្សេងៗ ចាប់អារម្មណ៍លើការបើករោងចក្រផលិតនៅកម្ពុជា»។
បើតាមក្រសួងពាណិជ្ជកម្ម បច្ចុប្បន្នរោងចក្រផលិតកង់នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងមាន ៦ ហើយប្រទេសនាំចូលកង់ច្រើនពីកម្ពុជា រួមមាន អាមេរិក, កាណាដា, អង់គ្លេស, អឺរ៉ុប។ ទោះបីកម្ពុជា នាំចេញកង់ច្រើនជាងគេនៅអាស៊ាន ក៏កម្ពុជានាំចូលកង់ម៉ាកល្បីៗជាច្រើនមកវិញផងដែរ៕ LA
សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយៈ ហំ ផានិត
ព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍
កាលបរិច្ចេទបោះពុម្ពផ្សាយ: ថ្ងៃទី៣០ ខែធ្នូ ២០២១