ទិន្នន័យរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត បានបង្ហាញថា ការនាំចេញកង់របស់កម្ពុជាបានកើនឡើងខ្ពស់ដល់ទៅ៧១,៣២ភាគរយធៀបនឹងឆ្នាំមុន គិតជាទឹកប្រាក់រហូតដល់៥៦៦,២លានដុល្លារ។
ក្រុមហ៊ុនផលិតកង់កម្ពុជាបានផ្គត់ផ្គង់កង់ដល់ទីផ្សារក្នុងស្រុកក្នុងតម្លៃ ៧,៩ លានដុល្លារដែលកើនឡើង ៥៧ ភាគរយ។ កង់បានក្លាយជាផលិតផលផលិតដ៏សំខាន់មួយរបស់ប្រទេសកម្ពុជាបន្ទាប់ពីសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ គ្រឿងអេឡិចត្រូនិក និងផលិតផលកសិកម្ម។
លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានមានប្រសាសន៍ថា ការធ្វើពិពិធកម្មផលិតផលឧស្សាហកម្មកំពុងត្រូវបានបង្កើតឡើងដោយសារតែតម្រូវការ និងការបញ្ជាទិញផលិតផលមិនមែនកាត់ដេរមានការកើនឡើង។
លោកបន្តថា ផលិតផលដូចជាសម្លៀកបំពាក់ ស្បែកជើង និងកាបូប (ទំនិញធ្វើដំណើរ) នៅតែជាផលិតផលដ៏មានសក្តានុពលរបស់កម្ពុជា ហើយប្រទេសនេះក៏ផលិតផលិតផលផ្សេងទៀតដូចជា ម៉ាស់ពេទ្យ និងឈុតសម្រាប់នាំចេញផងដែរ។
លោក សុខគង់ បន្តថា ប្រទេសនេះកំពុងធ្វើពិពិធកម្មផលិតផលឧស្សាហកម្មដែលផ្អែកលើបច្ចេកវិទ្យាមួយចំនួន ហើយការនាំចេញក៏មានកំណើនខ្ពស់ផងដែរ។
លោកមានប្រសាសន៍ថា ៖ «ឧស្សាហកម្មផលិតកង់បានធ្វើការនាំចេញទៅប្រទេសជាច្រើន ជាពិសេសទៅសហភាពអឺរ៉ុប ដែលកង់របស់យើងពេញនិយម»។
ទីផ្សារសំខាន់ៗសម្រាប់កង់របស់កម្ពុជាគឺសហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស ជប៉ុន ចិន បណ្តាប្រទេសអាស៊ាន បែលហ្សិក ហូឡង់ អូទ្រីស ស៊ុយអែត ដាណឺម៉ាក អូស្ត្រាលី ឆេក អ៊ីតាលី កូឡុំប៊ី កូរ៉េខាងត្បូង អេស្ប៉ាញ ស្លូវេនី និងកាណាដា។ កង់ទាំងនោះប្រមូលបានតែក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលមានទីតាំងក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដែលជាប់ព្រំដែនជាមួយប្រទេសវៀតណាម។
បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួនប្រាំបានដំឡើងកង់សម្រាប់ការនាំចេញរួមមានក្រុមហ៊ុន Evergrand Bicycle (Cambodia), Speedtech Industrial Co Ltd, Smart Tech (Cambodia) Co Ltd, A and J (Cambodia) Co Ltd និង XDS Bicycle (Cambodia) Co Ltd។
កង់ត្រូវបាននាំចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងទៀត និងប្រព័ន្ធអនុគ្រោះទូទៅ។ គិតត្រឹមរយៈពេល១១ខែនៃឆ្នាំ២០២១ ការនាំចេញសរុបរបស់កម្ពុជា (មិនរាប់បញ្ចូលមាស) សម្រេចបានទឹកប្រាក់សរុប ១៥,៦ពាន់លានដុល្លារ កើនឡើង ២២,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ចសង្គមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កំណើននេះត្រូវបានជំរុញដោយការកើនឡើងនៃសម្លៀកបំពាក់ កង់ និងទំនិញនាំចេញផ្សេងទៀត រួមទាំងគ្រឿងសង្ហារឹម កៅស៊ូ គ្រឿងអេឡិចត្រូនិក ចេក ស្ករ ផលិតផលកសិកម្មផ្សេងទៀត ដំឡូងមី ស្វាយជាដើម៕
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ
ដោយ៖ ជា វណ្ណយុទ្ឋ
ប្រែសម្រួលដោយ៖ សុ ជាតា
ព័ត៌មាន៖ ខ្មែរថាមស៍
កាលបរិច្ចេទបោះពុម្ពផ្សាយ៖ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២