កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ កម្មវិធីជំនួបសហគ្រាសប្រចាំឆ្នាំ និងការផ្សារភ្ជាប់បណ្តាញម្ចាស់ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ត្រូវបានប្រព្រឹត្តទៅនៅទីរួមខេត្តបាត់ដំបង ដោយមានអ្នកចូលរួមជាង ៨០ នាក់ ដែលជាម្ចាស់សហគ្រាស MSMEs វិនិយោគិន អ្នកផ្គត់ផ្តង់សេវា និងតំណាងមកពីសភាពាណិជ្ជកម្មកម្ពុជាប្រចាំខេត្តបាត់ដំបង ក៏ដូចជាសមាគមធុរកិច្ចផ្សេងទៀត។ ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងបំណងចែករំលែកគំនិតយោបល់ដើម្បីកែលម្អប្រតិបត្តិការអាជីវកម្ម និងការកសាងនិវេសនប្រព័ន្ធឱ្យកាន់តែរឹងមាំតាមរយៈការប្រមូលផ្តុំ និងផ្សារភ្ជាប់ទំនាក់ទំនងរវាងម្ចាស់សហគ្រាស MSMEs ។
ពេញមួយរសៀលនៃកម្មវិធីជំនួបដោយផ្ទាល់នេះ អ្នកចូលរួមបានស្តាប់នូវរបាយការណ៍វឌ្ឍនភាព និងបញ្ហាប្រឈមនៃកម្មវិធីអភិវឌ្ឍន៍សហគ្រាស MSMEs ចំណែកឯពេលវេលាដែលនៅសល់ គឺជាការធ្វើបទបង្ហាញអំពីភាពជោគជ័យរបស់ម្ចាស់អាជីវកម្មក្រោមគម្រោង MSMEs អំពីព័ត៌មានគេហទំព័រដ៏សំខាន់ពីរ៖ ASEAN Access និង KhmerSME ជាមួយនឹងវគ្គសំណួរ-ចម្លើយ ទស្សនាការដាក់បង្ហាញផលិតផល ដែលជាមធ្យោបាយណែនាំ អាជីវកម្ម និងបិទបញ្ចប់កម្មវិធីដោយការផ្គូផ្គងអាជីវកម្ម និងផ្សារភ្ជាប់បណ្តាញទំនាក់ទំនងរវាងអាជីវកម្ម និងអាជីវកម្ម ។
ព្រឹត្តិការណ៍ថ្ងៃនេះ ជាសកម្មភាពរួមគ្នារវាងក្រុមការងារកម្មវិធីអភិវឌ្ឍន៍ MSMEs និងក្រុមការងារគេហទំព័រASEAN Access និង KhmerSME ដែលអនុវត្តដោយទីភ្នាក់ងារ ជីអាយហ្សិត (GIZ) ក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍ MSMEs (MSMEs Support Program) និងគម្រោង ពង្រឹងរចនាសម្ព័ន្ធសម្រាប់លើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅអាស៊ាន (ASEAN-SME) ។
សូមតាមដានព័ត៌មានក្នុងគេហទំព័រទាំងពីរ៖
ASEAN Access: https://www.aseanaccess.com/
KhmerSME: https://www.khmersme.gov.kh/