កាលពីម្សិលមិញ ក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ច និងគោលនយោបាយរបស់រដ្ឋាភិបាលដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ និងបង្កើតភាពជាដៃគូឱ្យកាន់តែរឹងមាំ។
ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជំនួបសម្តែងការគួរសមពីគណៈប្រតិភូអាល្លឺម៉ង់ ដឹកនាំដោយលោកជំទាវ Bärbel Kofler រដ្ឋលេខាធិការនៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ និងជាសមាជិកសភាអាល្លឺម៉ង់ និង ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា នៅថ្ងៃទី៣១ ខែតុលា។
ក្នុងជំនួបនោះ ឯកឧត្តម ឈៀង យ៉ាណារ៉ា បានថ្លែងអំណរគុណចំពោះភាគីអាល្លឺម៉ង់ដែលបានដឹកនាំអ្នកជំនាញសេដ្ឋកិច្ចអាល្លឺម៉ង់មកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី ០១ ខែវិច្ឆិកា។
ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលបានបន្តបេ្តជ្ញាគាំទ្រកម្ពុជា និងចាត់ទុកកម្ពុជាជាដៃគូសំខាន់ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍរបស់ខ្លួន ជាពិសេសចំពោះសមិទ្ធផលដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយសមិទ្ធផលទាំងនោះ គឺពិតជាបានរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ចពីជំងឺកូវីដ-១៩ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា ។
ឯកឧត្តម បានគូសបញ្ជាក់អំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ក្រោមការដឹកនាំ របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលបានបន្ដ និងកំពុងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព ដោយផ្តោតលើធនធានមនុស្ស ពិពិធកម្មសេដ្ឋកិច្ច កំណើនវិស័យឯកជន ការអភិវឌ្ឍប្រកបដោយចីរភាព និងវឌ្ឍនភាពសេដ្ឋកិច្ចឌីជីថល ។
ឯកឧត្តម បានសង្កត់ធ្ងន់អំពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការប្តេជ្ញារក្សាការពារសិទ្ធិមនុស្ស និងសណ្តាប់ធ្នាប់សាធារណៈ ការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេត។
ម្យ៉ាងវិញទៀត រដ្ឋាភិបាលក៏ផ្តោតលើការកកម្ពស់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសជាមួយអង្គការក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលដើម្បីធានាឱ្យមានតម្លាភាព និងកិច្ចសន្ទនាក្នុងដំណើរការអភិវឌ្ឍន៍ជាតិ។
សម្រាប់ព័ត៌មានបន្ថែម សូមអាននៅទីនេះ
ដោយ៖ Nhean Chamrong
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤
ព័ត៌មាន៖ ខ្មែរ ថាមស៍