កម្ពុជា ​អាច​ទូទាត់​ការ​ចំណាយ​នៅ​ប្រទេស​ម៉ាឡេស៊ី តាម​រយៈ​ QR Code

កម្ពុជា ​អាច​ទូទាត់​ការ​ចំណាយ​នៅ​ប្រទេស​ម៉ាឡេស៊ី តាម​រយៈ​ QR Code

 

កម្ពុជា-ម៉ាឡេស៊ី បាន​ប្រកាស​ជា​ផ្លូវការ​អំពី​គម្រោង​ទូទាត់​ឆ្លងដែន​តាម​ឃ្យូអរកូត​ ​(QR Code) ដែល​ជា​ការ​បើក​លទ្ធភាព​ឱ្យ​ភ្ញៀវ​ទេសចរ និង​វិនិយោគិន​កម្ពុជា​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទូទាត់​នៅ​ប្រទេស​ម៉ាឡេស៊ី ប្រកប​ដោយ​ប្រសិទ្ធ​ភាព និងសុវត្ថិ​ភាព។

ធនាគារ​ជាតិ​នៃ​កម្ពុជា(BNC) និង​ធនាគារ​កណ្តាល​ម៉ាឡេស៊ី នៅ​ថ្ងៃទី​១៩ ខែ​កញ្ញា​នេះ បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​គម្រោង​ទូទាត់​ឆ្លងដែន​តាម​ឃ្យូអរកូត​(QR Code) រវាង​ប្រទេស​ទាំង ២ ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​ប្រជាជន​កម្ពុជា​ទទួល​បាន​នូវ​បទ​ពិសោធ​ទូទាត់​ប្រកប​ដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព។

ពិធី​សម្ពោធ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​របស់​លោកស្រី ជា សិរី ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា ជាមួយ​នឹង​លោក Abdul Rasheed Ghaffour ទេសាភិបាល​ធនាគារ​កណ្តាល​ប្រទេស​ម៉ាឡេស៊ី នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។

យោង​តាម​ធនាគារ​ជាតិ​នៃ​កម្ពុជា នេះ​គឺ​ជា​ដំណាក់​កាលទី​១ ក្នុង​ចំណោម ២ ដំណាក់​កាល។

ក្នុង​ដំណាក់​កាល​ទី​១ នៃ​ការ​តភ្ជាប់​នេះ ប្រជាពលរដ្ឋ​កម្ពុជា​អាច​ធ្វើការ​ទូទាត់​ថ្លៃ​ទំនិញ និង​សេវា​នៅ​ប្រទេស​ម៉ាឡេស៊ី​បាន ដោយ​គ្រាន់​តែ​ធ្វើការ​ស្គេន​ឃ្យូអរកូត (DuitNow QR Code)ដែល​តាំង​បង្ហាញ​ដោយ​ពាណិជ្ជករ តាម​រយៈ​ការ​ប្រើ​ប្រាស់​កម្មវិធីទូទាត់​បាគង​(Bakong app) និង​កម្មវិធី​ធនាគារ​ចល័ត​របស់​ធនាគារ មេយប៊ែង (M2U KH app)។

សម្រាប់​ដំណាក់​កាល​ទី​២ ប្រជាជន​មក​ពី​ប្រទេស​ម៉ាឡេស៊ី នឹង​អាច​ធ្វើការ​ទូទាត់​ទំនិញ និង​សេវា ទៅ​កាន់​ពាណិជ្ជករ​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ វិញ។​

លោកស្រី ជា សិរី ទេសាភិបាល ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ឱ្យដឹង​ថា គម្រោង​ទូទាត់​ឆ្លង​ដែន​នេះ នឹង​ផ្តល់​នូវ​ភាព​ងាយ​ស្រួល រហ័ស និង​សុវត្ថិភាព​សម្រាប់​ប្រជាជន​កម្ពុជា ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ឆ្លងដែន នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី។ ប្រជាជន​កម្ពុជា​ដែល​មាន​គណនី​ជា​ប្រាក់​រៀល អាច​ធ្វើការ​ទូទាត់​ដោយ​ប្រើ​រូបិយ​បណ្ណ​រៀល​ខ្មែរ​(KHR) ជា​រូបិយប័ណ្ណ​គោល ខណៈ​រូបិយបណ្ណ​ទូទាត់​ជា​រីងហ្គីត​ម៉ាឡេស៊ី (MYR)។

លោកស្រី​បន្ត​ថា៖​«​គម្រោង​ទូទាត់​ឆ្លងដែន​នេះ ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម និង​បរិយាបន្ន​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ ដែល​បង្ហាញ​ពី​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន លើ​ការ​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​រាយ ដែល​មាន​ភាព​រហ័ស ប្រសិទ្ធភាព និង​សុវត្ថិភាព»។

លោក Abdul Rasheed Ghaffour បាន​លើក​ឡើង​ថា តាម​រយៈ​ការ​តភ្ជាប់​ការ​ទូទាត់​តាម​ឃ្យូអរកូត ប្រតិបត្តិការ​ទូទាត់​ឆ្លងដែន​រវាង​ប្រទេស​ទាំង ២ នឹង​កើនឡើង​ឆាប់​រហ័ស និង​មាន​ប្រសិទ្ធភាព​ជាង​មុន៕​

បច្ចុប្បន្ន​នៅ​ក្នុង​ក្របខណ្ឌ​កិច្ច​សហ​ប្រតិបត្តិការ​ទូទាត់​ឆ្លងដែន គឺ​កម្ពុជា មាន​ជាមួយ​ប្រទេស​ថៃ វៀតណាម ឡាវ ចិន កូរ៉េខាងត្បូង និង​ប្រទេស​ម៉ាឡេស៊ី៕

សម្រាប់អត្ថបទដើម សូមអាននៅទីនេះ

 

 

ដោយ៖ ហ៊ឹន ពិសី

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤

ព័ត៌មាន៖ ភ្នំពេញ​ ប៉ុស្តិ៍

https://pafipayakumbuhkab.org slot thailand slot 4d