ភ្នំពេញៈ ការនាំចេញនៅក្នុងវិស័យវាយនភណ្ឌ (សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ) នារយៈពេល ១០ ខែនៃឆ្នាំ ២០២១ មានទឹកប្រាក់ ៨ ៨៣០ លានដុល្លារកើនជាង ១៣ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២០ ដែលមានតម្លៃប្រមាណ ៧ ៧៩៦ លានដុល្លារ។ នេះបើតាមរបាយការណ៍ពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។
បើតាម GMAC ក្នុងចំណោមទឹកប្រាក់នាំចេញខាងលើ គឺផលិតផលសម្លៀកបំពាក់មានទឹកប្រាក់ ៦ ៥៣៨ លានដុល្លារ កើនឡើង ៦ ភាគរយ, ស្បែកជើងមានចំនួន ១ ១១៣ លានដុល្លារ កើនឡើង ២០ ភាគរយ និងការនាំចេញផលិតផលធ្វើដំណើរ មាន ១ ១៧៩ លានដុល្លារ កើនឡើង ៤៩ ភាគរយ។
នៅក្នុងសន្និបាតលើកទី ១៥ របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) កាលពីថ្ងៃទី ១៥ ខែមករា លោក វ៉ាន់ ស៊ូអៀង អតីតប្រធានសមាគម (GMAC) បានឱ្យដឹងថា អត្រាកំណើននៃការនាំចេញប្រចាំឆ្នាំរបស់ GMAC មានលក្ខណៈគួរឱ្យសរសើរលើកលែងតែរយៈពេលនៃវិបត្តិសកលធំៗ គឺវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ និងវិបត្តិជំងឺរាតត្បាតឆ្នាំ ២០២០។
លោកនិយាយថា៖ «គោលនយោបាយល្អ និងសកម្មភាពរួមគ្នាប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋាភិបាល និងវិស័យឯកជនរបស់យើងបានត្រឡប់រកភាពល្អប្រសើរក្នុងឆ្នាំ ២០២១ ដោយសារការគ្រប់គ្រងជំងឺរាតត្បាត និងកម្មវិធីចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព»។
លោកបន្តថា GMAC ក៏បានផ្តោតខ្លាំងផងដែរទៅលើការពង្រឹងសមត្ថភាពប្រកួតប្រជែងផ្ទៃក្នុងជាមួយនឹងច្បាប់ស្តីពីការវិនិយោគថ្មីដែលទើបត្រូវបានអនុម័ត ខណៈច្បាប់ថ្មីនេះបានផ្តល់ការលើកទឹកចិត្តច្រើនទៅដល់វិនិយោគិន និងការចាប់ផ្តើមអនុវត្តនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនាពេលខាងមុខ។
លោក គង់ សាង ប្រធានសមាគមរោងចក្រកម្ពុជាដែលទើបជ្រើសរើសសម្រាប់អាណត្តិថ្មី ២០២២-២០២៣ បានប្រាប់ដែរថា បើទោះបីវិស័យកាត់ដេរបានឆ្លងកាត់នូវបញ្ហាប្រឈមរាប់មិនអស់ ជាពិសេសការរាតត្បាតជំងឺកូវីដ ១៩ ក៏សមាគម និងសមាជិកទាំងអស់បានរួមគ្នាពុះពារជម្នះរាល់ការលំបាករហូតទទួលបានជោគជ័យមកដល់បច្ចុប្បន្ននេះ។
លោកនិយាយថា៖ «កម្ពុជាបានចាប់ផ្តើមពីស្ថានភាពជាប្រទេសដែលមានការនាំចេញតិចតួច ហើយអភិវឌ្ឍខ្លួនក្លាយទៅជាប្រទេសចម្បងមួយដែលផ្គត់ផ្គង់ដល់ទីផ្សារពិភពលោក ដោយកំណើនប្រចាំឆ្នាំជាមធ្យមនៅក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះមានអត្រាប្រហែល ១០ ភាគរយ។ ទោះបីមានការធ្លាក់ចុះបន្តិចបន្តួចនៅក្នុងឆ្នាំ ២០២០ ប៉ុន្តែយើងបានងើបឡើងវិញបានយ៉ាងលឿនក្នុងឆ្នាំ ២០២១ ដោយការនាំចេញក្នុងរយៈពេល ១០ ខែដំបូងមានកំណើនគួរឱ្យកត់សម្គាល់»។
សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយៈ ហំ ផានិត
ព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍
កាលបរិច្ចេទបោះពុម្ពផ្សាយៈ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២