កម្ពុជាពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងធុរកិច្ចជាមួយវៀតណាម តាមរយៈទស្សនកិច្ចនៃប្រតិភូធុរកិច្ចកម្ពុជា

កម្ពុជាពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងធុរកិច្ចជាមួយវៀតណាម តាមរយៈទស្សនកិច្ចនៃប្រតិភូធុរកិច្ចកម្ពុជា

 

ទីក្រុងហូជីមិញ ប្រទេសវៀតណាម – ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា អង្គការ UNIDO និងទីភ្នាក់ងារ GIZ បានរៀបចំវេទិកាផ្គូផ្គង​អាជីវកម្ម និង​ទស្សន​កិច្ចទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។

គណៈប្រតិភូកម្ពុជាចំនួន២៥រូប តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងកិច្ចការនារី, ទីភ្នាក់ងារ GIZ និងម្ចាស់សហគ្រាសធុនតូចនិងមធ្យម បានចូលរួមក្នុងសកម្មភាពផ្សេងៗ ដែលត្រូវបានរៀបចំឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច និងពាណិជ្ជកម្ម។ កម្មវិធីសំខាន់ៗរួមមានការកសាងបណ្តាញទំនាក់ទំនងធុរកិច្ច ដែលមានម្ចាស់អាជីវកម្មកម្ពុជា និងវៀតណាម មកពីប្រមាណ៥០ក្រុមហ៊ុន ដោយផ្តោតលើបច្ចេកវិទ្យាកម្រិតខ្ពស់សម្រាប់កែច្នៃចំណីអាហារ និងការចែករំលែកបទពិសោធន៍ស្តីពីការអភិវឌ្ឍអាជីវកម្ម។

គណៈប្រតិភូកម្ពុជាបានចុះទស្សនកិច្ចខ្សែច្រវាក់ផលិតកម្មនៅក្រុមហ៊ុនចំនួន ៣ គឺ ក្រុមហ៊ុន San Ha Co., Ltd. ដែលជាអាជីវកម្មកសិឧស្សាហកម្មឈានមុខលើបច្ចេកវិទ្យាផលិតកម្មបក្សី និងកែច្នៃចំណីអាហារ, ក្រុមហ៊ុន Hoang Phat Fruits Co., Ltd. ដែលនាំចេញផលិតផលផ្លែឈើ, និងក្រុមហ៊ុន Viet Mold Machine Co., Ltd. ដែលល្បីឈ្មោះលើការផ្គត់ផ្កង់គ្រឿងម៉ាស៊ីនផលិត និងកែឆ្នៃគ្រាប់ស្វាយចន្ទី។

ដំណើរទស្សនកិច្ចទាំងនេះបានផ្តល់ឱកាសដល់គណៈប្រតិភូកម្ពុជា បានស្វែងយល់អំពីបច្ចេកវិទ្យាទំនើបៗ ក្នុងគោលដៅលើកកម្ពស់សមត្ថភាពផលិតកម្ម និងជំរុញនវានុវត្តន៍។

កម្មវិធីសំខាន់មួយនៃទស្សនកិច្ចនេះគឺវេទិកាផ្គូផ្គងធុរកិច្ច ដែលត្រូវបានសហការរៀប​ចំ​ដោយ​ការិយាល័យពាណិជ្ជ​កម្មកម្ពុជា ប្រចាំប្រទេសវៀតណាម និងស្ថា​ន​​អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុង​ហូជីមិញ។ ធុរកិច្ចមកពីប្រទេសកម្ពុជា វៀតណាម និងសិង្ហបុរី បានស្វែងរកឱកាសសម្រាប់ភាពជាដៃគូ និងឱកាសពាណិជ្ជកម្មក្នុងវិស័យសំខាន់ៗ ដូចជាកសិកម្ម កសិឧស្សាហកម្ម បច្ចេកវិទ្យា និងសេវាកម្ម។

វេទិកាផ្គូផ្គងអាជីវកម្ម និងទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីគម្រោងថ្នាក់តំបន់ “ពង្រឹងរចនាសម្ព័ន្ធសម្រាប់ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមក្នុងតំបន់អាស៊ាន (ASEAN SME II)” ដែលអនុវត្តដោយទីភ្នាក់ងារ GIZ ក្រោមជំនួយហិរញ្ញវត្ថុពីក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ) សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអង្គការ UNIDO។

ដោយ៖ ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

https://pafipayakumbuhkab.org slot thailand slot 4d