ភ្នំពេញៈ ជាកិច្ចប្រឹងប្រែងដើម្បីជួយផ្តល់នូវព័ត៌មានអាជីវកម្មទូលំទូលាយ និងសម្បូរបែបដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) រដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យដំណើរការជាផ្លូវការនូវគេហទំព័រ «KhmerSME» ដែលជាថ្នាលព័ត៌មានឌីជីថលជាតិកម្ពុជា។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគេហទំព័រ KhmerSME កាលពីថ្ងៃទី ២៨ ខែតុលា តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការចូលរួមពីតំណាងស្ថានទូត តំណាងក្រសួងស្ថាប័នអង្គការអន្តរជាតិ និងតំណាងវិស័យឯកជនផងដែរ។
គេហទំព័រ KhmerSME គឺជាថ្នាលព័ត៌មានឌីជីថល បង្កើតឡើងសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្រោមកិច្ចការជាមួយអង្គការ GIZ។ តាមរយៈ KhmerSME ក្រុមហ៊ុន/សហគ្រាស នឹងអាចពង្រឹងសមត្ថភាពខ្លួន និងពង្រីកវិមាត្រធុរកិច្ចរបស់ខ្លួនក្នុងការផលិត និងផ្តល់សេវាកម្មប្រកបដោយការប្រកួតប្រជែង។
លោក ចម ប្រសិទ្ធ បានលើកឡើងថា គេហទំព័រ KhmerSME គឺជាថ្នាលព័ត៌មានឌីជីថល (Digital Platform) ដែលនឹងផ្តល់ឱ្យសហគ្រាសធុនមីក្រូតូច និងមធ្យម ទាំងអស់ទទួលបាននូវព័ត៌មាននៅនឹងកន្លែងដូចជា ផ្នែកច្បាប់ បទប្បញ្ញត្តិ លិខិតបទដ្ឋានគតិយុត្ត ការបណ្តុះបណ្តាលបច្ចេកទេស ការផ្ទេរបច្ចេកវិទ្យា និងនវានុវត្តន៍ ហិរញ្ញប្បទាន ទីផ្សារចាប់ផ្តើមអាជីវកម្មថ្មីការលើកទឹកចិត្តសម្រាប់ការធ្វើធុរកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងការប្រកួតប្រជែងប្រកបដោយបរិយាប័ន្ន។
លោកថ្លែង៖ «ផ្អែកលើបរិការណ៍នេះរដ្ឋាភិបាលបានលើកកម្ពស់សហគ្រាសក្នុងស្រុក គឺសហគ្រាសធុនតូច និងមធ្យម ជាវិស័យអាទិភាពដែលមានលទ្ធភាពជួយស្តារស្ថានភាពសេដ្ឋកិច្ចឱ្យឆាប់មានភាពប្រសើរឡើងវិញ ដោយបានកំណត់នូវមុខផលិតផលមួយចំនួនជាទំនិញយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលសម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ»។
តាមរយៈនេះ ផលិតផលទាំងអស់ទាមទារចាំបាច់ត្រូវមានគុណភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ ដូច្នេះ គេហទំព័រ KhmerSEM ដែលជាថ្នាលព័ត៌មានឌីជីថល ពិតជាមានសារៈសំខាន់ណាស់សហគ្រាសធុនមីក្រូ តូច- និងមធ្យម ក្នុងការទាញយកព័ត៌មានចាំបាច់ និងសំខាន់ៗតាមតម្រូវការ ដើម្បីអភិវឌ្ឍផលិតផលខ្លួនឱ្យមានគុណភាព និងសុវត្ថិភាពស្របតាមស្តង់ដាកម្ពុជា»។ នេះបើយោងតាមការថ្លែងរបស់លោក ចម ប្រសិទ្ធ។
អគ្គនាយកនៃអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម លោក ហ៊ត ផេង លើកឡើងថា សហគ្រាសធុនមីក្រូ តូច និងមធ្យម កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ច។ ទោះយ៉ាងណា សហគ្រាសទាំងនោះភាគច្រើននៅមិនទាន់មកចុះបញ្ជីនៅអាជ្ញាធរនោះទេ។
លោកប្រាប់ថា៖ «ដោយពិនិត្យឃើញថា ម្ចាស់សហគ្រាសភាគច្រើនមាន ការពិបាកក្នុងការទទួលបានព័ត៌មានទាក់ទងនឹងការធ្វើធុរកិច្ច ដូចនេះគេហទំព័រ KhmerSME គឺជាថ្នាលព័ត៌មានឌីជីថលដែលផ្តល់លទ្ធភាពដល់ម្ចាស់សហគ្រាសឱ្យទទួលបានព័ត៌មានសំខាន់ៗដូចជា ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ទីផ្សារ ហិរញ្ញវត្ថុ ឥណទាន ការអភិវឌ្ឍធនធានមនុស្ស ការប្រកួតប្រជែងក្នុងតំបន់ និងការពង្រីកដៃគូអាជីវកម្មឱ្យកាន់តែទូលំទូលាយ»។
បច្ចុប្បន្នសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មានប្រមាណជាង ៥២ ម៉ឺនមូលដ្ឋាន។ នេះបើយោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ: ម៉ៃ គុណមករា
ព័ត៌មាន: ភ្នំពេញប៉ុស្តិ៍
កាលបរិច្ចេទបោះពុម្ពផ្សាយ: ០១ វិច្ឆិកា ២០២១