ភ្នំពេញ: ធនាគារពិភពលោកទើបតែបានចេញផ្សាយឯកសារស្រាវជ្រាវដែលមានចំណងជើងថា”Eliminating the Economic and Distributional Impacks of the Regional Comprehesive Economic Partnership” ដោយបង្ហាញថាប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ ទទួលបានអត្ថប្រយោជន៍ពី RCEP បន្ទាប់ពីវៀតណាម និងម៉ាឡេស៊ី ហើយប្រទេសកម្ពុជា ក៏ជាប់លេខ៣ នៃប្រទេសនាំចេញខ្ពស់ដោយមានកំណើន ៦,៥ ភាគរយ បន្ទាប់ពីវៀតណាម មាន ១១,៤ ភាគរយ និង ជប៉ុន ៨,៩ ភាគរយ។
របាយការណ៍ស្រាវជ្រាវកម្រាស់ ៤៦ ទំព័រ ដែលទើបចេញផ្សាយនេះ បានលាតត្រដាងនូវសេណារីយ៉ូត្រឹមឆ្នាំ ២០៣៥ ដោយផ្តោតលើការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP ដែលបានចុះហត្ថលេខាក្នុងខែវិច្ឆិកាឆ្នាំ ២០២១ ដោយប្រទេស ១៥ ជាសមាជិក។
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលនឹងបង្កើតប្លុកពាណិជ្ជកម្មធំបំផុតរបស់ពិភពលោកនិងសម្គាល់សមិទ្ធផលដ៏សំខាន់មួយសម្រាប់ប្រទេសចិននៅពេលដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងសហរដ្ឋអាមេរិកសម្រាប់ឥទ្ធិពល និងឧត្តមភាពសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ប្រទេសចំនួន ១៥ នៅអាស៊ីប៉ាស៊ីហ្វិកដែលតំណាងឱ្យជិតមួយភាគបីនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះកាលពីថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ២០២០ តាមរយៈសន្និសីទតាមវីដេអូ Conference។
ដោយមានការគាំទ្រពីមហាយក្សចិនដែលមានសេដ្ឋកិច្ចធំទី២ ក្នុងពិភពលោក RCEP ត្រូវបានគេរំពឹងទុកថាជាមធ្យោបាយមួយដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មក្នុងចំណោមប្រជាជាតិនានានៅទូទាំងអាស៊ី-ប៉ាស៊ីហ្វិកនិងជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុងតំបន់៕
សម្រាប់អត្ថបទដើម សូមចូលទៅកាន់ដំណភ្ជាប់នេះ
ដោយ៖ រ៉ាន់ រើយ
ព័ត៌មាន៖ ភ្នំពេញប៉ុស្តិ៍
កាលបរិច្ចេទបោះពុម្ពផ្សាយ: ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២