រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បាននិយាយកាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងពាណិជ្ជកម្មគឺជាកត្តាជំរុញដ៏សំខាន់សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងប្រទេសទាំងក្នុងអំឡុងពេល និងក្រោយជំងឺរាតត្បាត។
លោករដ្ឋមន្ត្រីបានថ្លែងនៅក្នុងសិក្ខាសាលាមួយក្រោមប្រធានបទ “កិច្ចព្រមព្រៀងភាពជាដែគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ(RCEP)៖ ផលប៉ះពាល់ បញ្ហាប្រឈម និងកំណើននាពេលអនាគតនៅតំបន់អាស៊ីបូព៌ា និងអាស៊ាន” ដែលរៀបចំដោយក្រសួងពាណិជ្ជកម្មកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា។
លោក ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា កម្ពុជារំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម តាមរយៈការកើនឡើងនៃការនាំចេញ ៧.៣% ការកើនឡើងនៃការវិនិយោគ ២៣.៤% និងកំណើនផលិតផលក្នុងស្រុកសរុប២%។ កម្ពុជាគឺជាប្រធានអាស៊ាននៅឆ្នាំនេះ។
ដោយប្រទេសដែលចូលរួមមើលឃើញពីផលចំណេញពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ អ្នកជំនាញជឿថា កិច្ចព្រមព្រៀងនេះកំពុងបំពេញការសន្យា របស់ខ្លួនក្នុងការជំរុញកំណើនសេដ្ឋកិច្ច នៅទូទាំង តំបន់។
លោក Sithanonxay Suvannaphakdy អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសិក្សាអាស៊ាននៅវិទ្យាស្ថាន ISEAS-Yusof Ishak របស់ប្រទេសសិង្ហបុរីបាននិយាយថា “ការអនុវត្ត RCEP គួរតែដើរតួជាក្បាលម៉ាស៊ីនសំខាន់នៃពាណិជ្ជកម្ម និងការវិនិយោគនៅអាស៊ានក្នុងឆ្នាំ ២០២២ និងលើសពីនេះ” ។
លោក Sithanonxay បានប្រាប់កាសែត China Daily ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចូលជាធរមាននៅថ្ងៃទី១ ខែមករា នឹងលើកលែងពន្ធរហូតដល់ ៩០% លើទំនិញដែលបានដោះដូររវាងប្រទេសហត្ថលេខីក្នុងរយៈពេល២០ ឆ្នាំខាងមុខ។
លោកបាននិយាយថា ប្រទេសចិន ដែលជាទីផ្សារនាំចេញធំមួយក្នុងចំនោមទីផ្សារនាំចេញទាំងបីនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅឆ្នាំនេះ នឹងលើកលែងពន្ធប្រហែល ៧០% លើផលិតផលនាំចូលពីអាស៊ាន។
លោកបានបន្ថែមថា ប្រទេសអាស៊ាននឹងលើកលែងពន្ធប្រហែល ៧៥% លើផលិតផលដែលនាំចូលពីប្រទេសចិន។
កិច្ចព្រមព្រៀងRCEP មានសមាជិកអាស៊ានទាំង១០ រួមទាំងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។
យោងតាមការសិក្សាដែលបានដកស្រង់នៅក្នុងសៀវភៅដែលបានចេញផ្សាយនៅក្នុងព្រឹត្តិការណ៍នេះ RCEP អាចជំរុញផលិតផលសរុបក្នុងស្រុក របស់អាស៊ានបានរហូតដល់ ១៦០ ពាន់លានដុល្លារក្នុងឆ្នាំ ២០៣៥ និងបង្កើនទំហំនាំចេញ និងនាំចូលច្រើនជាង ៥០០ ពាន់លានដុល្លារ។
ការសិក្សាមួយរបស់ធនាគារពិភពលោកក្នុងខែកុម្ភៈ បាននិយាយថា តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកអាចទទួលបានអត្ថប្រយោជន៍សំខាន់ៗតាមរយៈការធ្វើសេរីភាវូបនីយកម្មបន្ថែមទៀត ដោយមានប្រទេសកម្ពុជា វៀតណាម និងប្រទេសដែលមានចំណូលមធ្យមកម្រិតទាបផ្សេងទៀតទទួលបានច្រើនបំផុតជាងគេពីកិច្ចព្រមព្រៀង RCEP ។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ
ដោយ៖ China Daily
ព័ត៌មាន៖ ខ្មែរថាមស៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២