ភ្នំពេញៈ ទិន្នផលម្រេចកម្ពុជាក្នុងឆ្នាំ ២០២២ អាចកើនលើសឆ្នាំមុនប្រមាណ ១០ ភាគរយ ខណៈការប្រមូលផលនៅពេលនេះសម្រេចបានជាង ៩០ ភាគរយហើយ។ នេះបើតាមអ្នកនៅក្នុងផលិតកម្មម្រេចកម្ពុជា។
ប្រធានសមាគមលើកកម្ពស់ម្រេចកំពត ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) លោក ងួន ឡាយ បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ នាថ្ងៃទី ២៧ ខែមិថុនា ថា អាកាសធាតុដែលមានភ្លៀងធ្លាក់ច្រើនកាលពីអំឡុងខែកុម្ភៈ មីនា និងមេសា បានធ្វើឱ្យផលម្រេចកំពតក្នុងឆ្នាំនេះអាចកើនឡើងប្រមាណ ១០ ភាគរយ បើធៀបឆ្នាំ ២០២១ ហើយផលម្រេចរបស់ចម្ការខ្នាតតូច និងមធ្យមក៏ត្រូវបានក្រុមឈ្មួញធ្វើកិច្ចសន្យាបញ្ជាទិញអស់ស្ទើរ ១០០ ភាគរយផងដែរ។ ការធ្លាក់ភ្លៀងច្រើនមិនត្រឹមតែធ្វើឱ្យម្រេចបានផលច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយកាត់បន្ថយការចំណាយយ៉ាងច្រើនទៅលើតម្លៃប្រេងបូមទឹកស្រោចដើមម្រេចផងដែរ។
លោកនិយាយថា៖ «បើមើលតាមកិច្ចសន្យាដែលឈ្មួញបានបញ្ជាទិញពីកសិករក្នុងសមាគម ខ្ញុំគិតថា ការនាំចេញម្រេចកំពតក្នុងឆ្នាំ ២០២២ នឹងមានចំនួនច្រើនជាងឆ្នាំ ២០២១ ដែលពេលនោះម្រេចកំពតត្រូវបាននាំចេញប្រមាណ ១១៤ តោន ក្នុងចំណោមផលដែលប្រមូលបានក្នុងរង្វង់ ១២៥ តោន»។
ទាក់ទងនឹងកម្លាំងពលកម្ម លោក ងួន ឡាយ បានបញ្ជាក់ថា ក្នុងចង្វាក់ផលិតកម្មម្រេចពេលបច្ចុប្បន្នក៏កំពុងប្រឈមនឹងកង្វះកម្លាំងពលកម្មច្រើនដែរ ដោយមានតែមនុស្សចាស់នៅផ្ទះប៉ុណ្ណោះ ដែលនៅបន្តធ្វើការងារនេះ។
យោងតាមលោក ងួន ឡាយ ខ្នាតតូច សំដៅដល់ចម្ការដែលមានម្រេច ពី ១០០-១ ៥០០ គុម្ព និងមធ្យម មានម្រេចចន្លោះពី ១ ៥០០-៣ ០០០ គុម្ព និងលើសពី ៣ ០០០ គុម្ព ត្រូវបានចាត់ទុកថាខ្នាតធំ។ ជាមធ្យម ១ ហិកតា គេអាចដាំម្រេចបានប្រហែល ២ ៥០០ គុម្ព។
ជាធម្មតាដំណាំម្រេចត្រូវបានកសិករប្រមូលផលចន្លោះពីខែមករា ដល់ចុងខែមិថុនានៃឆ្នាំនីមួយៗ ប៉ុន្តែការប្រមូលផលនឹងត្រូវអូសបន្លាយពី ២៥-៦០ ថ្ងៃបន្ថែម បើគេចង់បានម្រេចក្រហម ឬម្រេចសច្រើន។សម្រាប់ម្រេចកំពត (GI) គឺម្រេចខ្មៅមានតម្លៃ ១៥ ដុល្លារក្នុង ១ គីឡូក្រាម, ម្រេចក្រហម ២៥ ដុល្លារ និងម្រេចស តម្លៃ ២៨ ដុល្លារ ដែលតម្លៃនេះនៅទ្រឹង ៦-៧ ឆ្នាំមកហើយ។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ៖ ហ៊ឹន ពិសី
ព័ត៌មាន៖ ភ្នំពេញប៉ុស្តិ៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២