កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ សិក្ខាសាលាផ្សព្វផ្សាយលើកទី២ នៃគេហទំព័រKhmerSME (https://www.khmersme.gov.kh/) និង គេហទំព័រASEAN Access (https://www.aseanaccess.com/) ត្រូវបានប្រព្រឹត្តទៅនៅខេត្តសៀមរាប ដើម្បីផ្សាយដំណឹងដល់ម្ចាស់អាជីវកម្មក្នុងស្រុកឱ្យកាន់តែយល់ដឹងច្បាស់អំពីសារសំខាន់គេហទំព័រទាំងពីរក្នុងការគាំទ្រកំណើនអាជីវកម្មរបស់គាត់ និងជួយអាជីវកម្មទាំងនោះ ពង្រីកបណ្តាញទំនាក់ទំនងទៅកាន់ទីផ្សារក្នុងតំបន់អាស៊ាន និងលើពិភពលោក។
នៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយនោះ មានអ្នកចូលរួមចំនួន ៩០នាក់ ដែលជាម្ចាស់អាជីវកម្មធុនមីក្រូ តូច និងមធ្យមនៅខេត្តសៀមរាប មន្ត្រីមកពីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជាសាធារណជនទូទៅបានស្វែងយល់លម្អិតអំពីគេហទំព័រKhmerSME និងគេហទំព័រASEAN Access អំពីដំណើរការនៃការចុះឈ្មោះជាមួយគេហទំព័រKhmerSME និងASEAN Access។
សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានសហការរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមសហគ្រិនស្ត្រីកម្ពុជា សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងគាំទ្រដោយកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-អាល្លឺម៉ង់ ក្រោមគម្រោង “ពង្រឹងរចនាសម្ព័ន្ធសម្រាប់លើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅអាស៊ាន” (ASEAN-SME) អនុវត្តដោយទីភ្នាក់ងារ ជីអាយហ្សិត (GIZ)។
ការផ្សព្វផ្សាយលម្អិតអំពីគេហទំព័រទាំងពីរនេះ គ្រោងនឹងរៀបចំធ្វើក្នុងខេត្ត/ក្រុងគោលដៅសំខាន់ៗដូចជា ក្រចេះ បាត់ដំបង និងព្រះសីហនុ សម្រាប់ឆ្នាំ២០២២។
អត្ថបទ និងរូបភាពដោយ: GIZ Cambodia