លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកត់សម្គាល់ថា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រួចគោលដៅអភិវឌ្ឍន៍លើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រយៈពេលប្រមាណ៣ឆ្នាំចុងក្រោយ វិស័យទាំងនេះមានការវិវឌ្ឍន៍លឿនរហ័សគួរឱ្យកត់សម្គាល់។ លោកទេសរដ្ឋមន្ត្រី រំពឹងថា ក្នុងរយៈពេល៥ឆ្នាំ ផលិតផលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នឹងកើតមានកាន់តែច្រើន ដែលក្នុងនោះកូនខ្មែរអាចនឹងមានសមត្ថភាពបង្កើតរ៉ូបូតមានសមត្ថភាពកាន់តែខ្ពស់ផងដែរ។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣នេះ បានប្រារព្ធទិវាជាតិ ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នេះជាព្រឹត្តិការណ៍លើកដំបូងហើយនៅកម្ពុជា ដែលប្រារព្ធធ្វើឡើង ដើម្បីជំរុញការអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាធាតុដ៏ចាំបាច់មួយសម្រាប់ការរស់នៅ និងអាជីវកម្មរបស់មនុស្សជាតិលើពិភពលោកនាពេលបច្ចុប្បន្ន។ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ជាចំណែកដ៏សំខាន់សម្រាប់ជំរុញកិច្ចអភិវឌ្ឍន៍របស់ប្រទេសនីមួយៗផងដែរ។ អាស្រ័យហេតុនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានសម្រួចទិសដៅអភិវឌ្ឍន៍លើវិស័យនេះ។ នៅឆ្នាំ២០២០ រាជរដ្ឋាភិបាល បានសម្រេចបន្ថែមវិសាលភាពការងារជូនក្រសួងឧស្សាហកម្ម ដោយបន្ថែមការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីសម្រួចមុំការងារជូនក្រសួងយកចិត្តទុកដាក់បន្ថែមទៅលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
សម្រាប់ពត័មាន សូមចុចលើទីនេះ
រៀបរៀងដោយ Freshnewsasia
ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០២៣
ប្រភព freshnewsasia