ភ្នំពេញៈ អាមេរិក គឺជាទីផ្សារធំជាងគេដែលទទួលទិញទំនិញពីកម្ពុជា ដោយក្នុងរយៈពេល ៧ ខែ នៃឆ្នាំ ២០២២ ការនាំទំនិញពីកម្ពុជាទៅអាមេរិកមានទឹកប្រាក់ជិត ៥,៧ ពាន់លានដុល្លារ ស្មើនឹងជាង ៤១ ភាគរយនៃចំណែកទីផ្សារនាំចេញសរុបរបស់កម្ពុជា។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ក្នុងចំណោមការនាំចេញទំនិញសរុបរបស់កម្ពុជាចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២២ ដែលមានទឹកប្រាក់ ១៣ ៧៦៩,៧៣ លានដុល្លារ គឺការនាំចេញទៅអាមេរិក មានទឹកប្រាក់ ៥ ៦៩៥,៨៣ លានដុល្លារ ដែលស្មើនឹង ៤១,៤ ភាគរយនៃការនាំចេញទាំងអស់។ សម្រាប់ចំនួនទឹកប្រាក់នាំចេញពីកម្ពុជាទៅអាមេរិកក្នុងរយៈពេលខាងលើ គឺកើនឡើង ៤៧,៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានចំនួន ៣ ៨៦៧,២៧ លានដុល្លារ។
បើតាមទិន្នន័យខាងលើសម្រាប់ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២២គឺមានចំនួន ៥ ៨៩២,៥៣ លានដុល្លារ កើនឡើង ៤៥,២ ភាគរយធៀបរយៈពេល ៧ ខែ ឆ្នាំ ២០២១។ ដោយឡែកបើគិតនៅក្នុងខែកក្កដាឆ្នាំ ២០២២ គឺការនាំចេញរបស់កម្ពុជាទៅអាមេរិកមានទឹកប្រាក់ ១ ០៤៧,៤៩ លានដុល្លារ ស្មើនឹង ៤៣,៨ ភាគរយធៀបនឹងការនាំចេញសរុបរបស់កម្ពុជាមានទឹកប្រាក់ ២ ៣៩០,៦១ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៥ ខែសីហាថា កត្តាជំរុញឱ្យការនាំទំនិញពីកម្ពុជាទៅអាមេរិកមានសម្ទុះឡើងខ្ពស់ក្នុងអំឡុងពេលនេះ (កូវីដ ១៩ នៅបន្តមានវត្តមាន) គឺដោយសារតែមានចង្វាក់ផលិតកម្មនៅប្រទេសមួយចំនួនមិនទាន់អាចដំណើរការបានពេញលេញ ដែលធ្វើឱ្យការបញ្ជាទិញត្រូវប្តូរទិសមកកម្ពុជា ខណៈទំនិញកម្ពុជាមួយចំនួនក៏ទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីអាមេរិកផងដែរ។ លោកបន្ថែមថា ក្រៅពីនេះកម្ពុជាក៏ទទួលបានភាពចំណេញពីបញ្ហាជម្លោះពាណិជ្ជកម្មអាមេរិក-ចិន និងពីបញ្ហាវិបត្តិនយោបាយរបស់ប្រទេសមួយចំនួនដែលធ្លាប់ជាអ្នកផ្គត់ផ្គង់ទំនិញឱ្យទីផ្សារអាមេរិក។
លោកប្រាប់ទៀតថា បច្ចុប្បន្នក្រៅពីផលិតផលវាយនភណ្ឌ ការនាំចេញផលិតផលមួយចំនួនទៀតដូចជា កង់ គ្រឿងបរិក្ខារអគ្គិសនី ផលិតផលកសិកម្ម និងបន្ទះសូឡា ជាដើម។
លោកបញ្ជាក់ថា៖ «តាមរយៈការនាំចេញផលិតផលចម្រុះកាន់តែច្រើនមុខបែបនេះ ខ្ញុំគិតថា ការនាំចេញរបស់កម្ពុជាទៅទីផ្សារអាមេរិកនឹងមានចំនួនកាន់តែច្រើននៅពេលអនាគត»។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ៖ ហ៊ឹន ពិសី
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២