ភ្នំពេញៈ ក្នុងរយៈពេលពេញ ១ ឆ្នាំ សហគ្រិនស្ត្រី និងនិស្សិតជិត ១ ម៉ឺននាក់ នៅក្នុងខេត្តចំនួន ៤ រួមមាន ខេត្តសៀមរាប ក្រចេះ ស្ទឹងត្រែង និងព្រះវិហាររបស់ប្រទេសកម្ពុជាបានចូលរួមបណ្តុះបណ្តាល និងទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបង្កើនភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្ត្រី។
ការបណ្តុះបណ្តាលនេះធ្វើឡើងក្រោមគម្រោងកិច្ចសហការបណ្តុះបណ្តាលរវាងក្រសួងកិច្ចការនារី ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Visa។
លោក ថេ ឈុនហាក់ អគ្គនាយកសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រសួងកិច្ចការនារីថ្លែងតាមសេចក្តីប្រកាសព័ត៌មាន ចំពោះសមិទ្ធផលគម្រោងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្ត្រី និងស្ត្រីជាសហគ្រិនកាលពីថ្ងៃទី ៨ ខែមីនា បានឱ្យដឹងថា តាមរយៈគម្រោងនេះ សហគ្រិនស្ត្រីទាំងនេះ អាចប្រើប្រាស់ចំណេះដឹង ដែលទទួលបាន ដើម្បីអភិវឌ្ឍខ្លួនចាកចេញពីជីវភាពក្នុងកម្រិតមីក្រូសេដ្ឋកិច្ច និងក្រៅផ្លូវការ។
លោកថ្លែងថា៖ «យើងក៏សង្ឃឹមពួកគាត់អាចចែករំលែកនូវចំណេះដឹង និងភាពជោគជ័យថ្មីៗរបស់ពួកគាត់ទៅដល់ស្ត្រីផ្សេងទៀត តាមរយៈការផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាប័ន្នហិរញ្ញវត្ថុ ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងមូល»។
បើតាម លោក ថេ ឈុនហាក់ លទ្ធភាពរបស់ស្ត្រីក្នុងការទទួលបាននូវការអប់រំផ្នែកហិរញ្ញវត្ថុ និងជំនាញផ្នែកហិរញ្ញវត្ថុឌីជីថលនៅតែជាបញ្ហាប្រឈម ដែលបញ្ហាទាំងនេះកើតឡើងជាពិសេសចំពោះស្ត្រីដែលរស់នៅតាមតំបន់ដាច់ស្រយាល ពោលគឺស្ត្រីនៅតាមជនបទភាគច្រើនខ្វះជំនាញផ្នែកហិរញ្ញវត្ថុ និងខ្វះឯករាជភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងហិរញ្ញវត្ថុគ្រួសារ។
លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជាឱ្យដឹងដែរថា ធនាគារ ជាតិនៃកម្ពុជាបានកំណត់យកចំណេះដឹងផ្នែកហិរញ្ញវត្ថុជាសសរស្ដម្ភដ៏សំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចឌីជីថល និងជំរុញលទ្ធភាពស្មើគ្នាក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងភាពជាសហគ្រិន។
លោកថ្លែងថា៖ «យើងមានសេចក្តីសោមនស្សរីករាយចំពោះកិច្ចសហការជាមួយក្រុមហ៊ុន Visa ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា»។ លោកបន្តថា វគ្គបណ្តុះបណ្តាល និងវេទិកាពិភាក្សាទាំងអស់ សុទ្ធតែមានការចូលរួមធ្វើបទបង្ហាញពីអ្នកជំនាញមកពីធនាគារជាតិនៃកម្ពុជា ក្រសួងកិច្ចការនារី និងដៃគូពាក់ព័ន្ធផ្សេងៗទៀតមកពីវិស័យឯកជន។
លោកថ្លែងថា៖ «វគ្គបណ្តុះបណ្តាល និងវេទិកាពិភាក្សាទាំងនេះមានគោលដៅផ្តល់នូវចំណេះដឹងស្នូលដែលចាំបាច់ស្របតាមការផ្លាស់ប្ដូរនៃបរិបទសេដ្ឋកិច្ច និងបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន ការលើកកម្ពស់សារៈសំខាន់នៃសុខុមាលភាព ហិរញ្ញវត្ថុគ្រួសារ និងការបណ្ដុះស្មារតីសហគ្រិនភាព និងភាពច្នៃប្រឌិត»។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ
ដោយ៖ នៅ ស៊ីវុត្ថា
ព័ត៌មាន៖ ភ្នំពេញ ប៉ុសិ៍្ត
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២