ភ្នំពេញោៈ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអូស្រា្តលី ក្នុងឆ្នាំ ២០២១ សម្រេចបានក្នុងទំហំទឹកប្រាក់ ៣២៤ លានដុលា្លរកើនទ្បើង ៥២% បើធៀបនឹងឆ្នាំ ២០២០ ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ ១៩ក៏ដោយ។
ទិន្នន័យពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២១ កម្ពុជាបាននាំចេញទៅកាន់ប្រទេសអូស្ត្រាលីមានចំនួនទឹកប្រាក់សរុបជាង ២០៥ លានដុល្លារ កើនឡើងជិត ៥៤ ភាគរយ ខណៈដែលការនាំចូលពីអូស្រា្តលីវិញមានទំហំទឹកប្រាក់ជាង ១១៩ លានដុល្លារ កើនឡើងជិត ៥០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២០។
ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ បន្ថែមទៀត នៅក្នុងជំនួបពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាជាមួយអនុលេខាធិការទទួលបន្ទុកអាស៊ីអាគ្នេយ៍ និងក្រុមដៃគូសកលនៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលីបានប្តេជ្ញាបន្តពង្រីកទំហំពាណិជ្ជកម្មជាមួយគ្នាបន្តទៀត ជាពិសេសតាមរយៈការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលទើបនឹងចូលជាធរមានកាលពីដើមឆ្នាំនេះ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) ដែលកម្ពុជា និងអូស្ដ្រាលីជាសមាជិក។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា វិស័យពាណិជ្ជកម្មទ្វេភាគីនៅតែមានការកើនឡើង ទោះបីជាស្ថិតក្នុងកាលៈទេសៈនៃវិបត្តិកូវីដ ១៩ ក៏ដោយ ក្នុងនោះទំហំពាណិជ្ជកម្មក្នុងឆ្នាំ ២០២១ បានកើន ៥២% ខណៈ ដែលចំណងការទូតរវាងកម្ពុជា និងអូស្ត្រាលីបានបង្កើតឡើងអស់រយៈពេល ៧០ ឆ្នាំ។
លោកស្រី ខេទ្រីណា ឃូពឺ អនុរដ្ឋលេខាធិការទទួលបន្ទុកអាស៊ីអាគ្នេយ៍នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលីបានសាទរចំពោះការរីកចម្រើនពាណិជ្ជកម្មទ្វេភាគី ដោយបានប្តេជ្ញាបន្តជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំង ២ បន្ថែមទៀត។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កម្ពុជា និងអូស្ត្រាលីមានទំនាក់ទំនងល្អជាមួយគ្នាតាំងពីយូរមកហើយ ទាំងជាមួយរដ្ឋ និងវិស័យឯកជន ដោយប្រទេសនេះ ជាដៃគូដ៏ល្អរបស់កម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ចបន្ថែមទៀត។
លោករំពឹងថា ក្រៅពីកិច្ចព្រមព្រៀង RCEP កម្ពុជាអាចនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយគ្នានាពេលខាងមុខ ខណៈដែលបច្ចុប្បន្នក្រសួងពាណិជ្ជកម្មកំពុងខិតខំប្រឹងពិភាក្សាជាមួយភាគីអូស្ត្រាលី ដើម្បីឱ្យការធ្វើពាណិជ្ជកម្ម និងការវិនិយោគជាមួយគ្នាកាន់តែងាយស្រួល។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ
ដោយ៖ ហំ ផានិត
ព័ត៌មាន៖ ភ្នំពេញ ប៉ុសិ៍្ត
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២