ភ្នំពេញៈ សហគ្រិនខ្មែរ (KE) បានដាក់ឱ្យដំណើការជាផ្លូវការនូវកម្មវិធីត្រៀមខ្លួនដើម្បីទទួលបានការវិនិយោគ ដើម្បីពង្រឹងធុរកិច្ចបង្កើតថ្មី (startups) និងសហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យមានសមត្ថភាពប្រកួតប្រជែងក្នុងការកៀរគរហិរញ្ញប្បទានពីខាងក្រៅ ព្រមទាំងបង្កើតបណ្តាញវិនិយោគិន និង ធនាគារិកនានា។
KE បានប្រកាសអនុវត្តកម្មវិធីនេះកាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ ដោយផ្តល់សិទ្ធិអនុវត្តទៅឱ្យក្រុមហ៊ុន OBOR ដើម្បីជ្រើសរើសសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាដែលត្រៀមខ្លួនសម្រាប់ការវិនិយោគជិតរួចរាល់ ហើយស្វែងយល់ និងស្វែងរកដៃគូហិរញ្ញវត្ថុ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។
លោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិរបស់ KE បានថ្លែងថា ការលើកកម្ពស់លទ្ធភាព ដើម្បីទទួលបានហិរញ្ញប្បទានគាំទ្រដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ជាធាតុសំខាន់មួយក្នុងការពង្រីកប្រតិបត្តិការធុរកិច្ចរបស់ពួកគាត់។ លោកថា៖ «កង្វះខាតនៃលទ្ធភាពទទួលបាន ហិរញ្ញប្បទានគាំទ្រនេះ គឺជាឧបសគ្គដ៏ធំមួយចំពោះធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ក្រោយបញ្ចប់កម្មវិធីនេះទៅ យើងសង្ឃឹមថា ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមអាចកៀរគរទុនបន្ថែមថ្មីបានកាន់តែច្រើន»។
លោក Christophe Forsinetti អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន OBOR បានថ្លែងថា កម្មវិធីនេះគឺជាជំហានសំខាន់មួយក្នុងការពង្រឹងបរិប្រព័ន្ធគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដែលជាការយកចិត្តទុកដាក់របស់ OBOR អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
លោកបានថ្លែងថា៖ «យើងខ្ញុំទន្ទឹងនឹងគាំទ្រ ឱ្យក្រុមហ៊ុនកម្ពុជាថ្មីៗក្លាយខ្លួនជាក្រុមហ៊ុនឈានមុខក្នុងវិស័យរបស់ខ្លួន ក្នុងរយៈពេល ១០ ឆ្នាំខាងមុខនេះ»៕
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ: ម៉ៃ គុណមករា
ព័ត៏មាន: ភ្នំពេញប៉ុស្តិ៍
កាលបរិច្ចេទបោះពុម្ពផ្សាយ: ១៧ ខែធ្នូ ២០២១