ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតក្រុមការងារតម្រង់ទិសអាជីវកម្មបរិយាប័ន្ន ក្នុងគោលដៅបង្កើនប្រសិទ្ធភាព និងនិរន្តរភាព នៃដំណើរការអាជីវកម្មទាំងអស់នៅក្នុងប្រទេសកម្ពុជា ដើម្បីឱ្យខ្សែចង្វាក់ផលិតកម្មមានផលិតភាពខ្ពស់ ទទួលបានតម្លៃបន្ថែម និងធានាភាពធន់នៃអាជីវកម្មឱ្យកាន់តែប្រសើរ។
លោក ហេង សុខគង់ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងារតម្រង់ ទិសអាជីវកម្មបរិយាប័ន្ន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ បន្ថែមថា អាជីវកម្មបរិយាប័ន្ន (Inclusive Business) គឺជាអាជីវកម្ម ឈរលើគោលការណ៍ធុរកិច្ច ដែលប្រកបដោយនវានុវត្តភាព និងដំណោះស្រាយដែលមានវិសាលភាពធំ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជន ដែលមានចំណូលទាប។
លោកបានបន្ថែមថា អាជីវកម្មបរិយាប័ន្ននេះ ផ្តល់ផលិតភាពសេវាកម្ម និងជីវភាពលើមូលដ្ឋាននៃគោលការណ៍ធុរកិច្ច ដែលនៅខ្នាតធំ និងអាចរីកលូតលាស់ដល់ប្រជាជន ដែលស្ថិតនៅបាតនៃពីរ៉ាមីតដើម្បីឱ្យពួកគាត់ក្លាយជាផ្នែកមួយនៃខ្សែចង្វាក់ផលិតកម្ម ដែលមានដូចជាអ្នកផ្គត់ផ្គង់ អ្នកចែកចាយ អ្នកលក់រាយ និងអតិថិជន។
លោកបានបញ្ជាក់ថា៖ «នេះជាការផ្តល់ផលចំណេញបន្ថែម ទៅលើផ្នែកអាជីវកម្ម និងការជះឥទ្ធិពលសំខាន់ដល់សង្គម ហើយក៏ជាការចូលរួមចំណែកផ្លាស់ប្តូរប្រព័ន្ធគំរូអាជីវកម្ម ដើម្បីបង្កើតភាពឈ្នះទាំង ៣ គឺ ឈ្នះដល់ពលរដ្ឋក្រីក្រ, ឈ្នះសម្រាប់វិស័យឯកជន, ឈ្នះសម្រាប់សង្គម តាមរយៈការជំរុញសេដ្ឋកិច្ចជាតិ»។
លោកបានបន្តថា ការបង្កើតក្រុមការងារនេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្តចាំបាច់ ដើម្បីគ្រប់គ្រង និងជួយជំរុញអាជីវកម្មបរិយាប័ន្ន ដែលអាចផ្តល់ជាសេចក្តីណែនាំ យុទ្ធសាស្ត្រ ការធានាប្រសិទ្ធភាព និងនិរន្តរភាពនៃដំណើរការ និងបញ្ជ្រាបការយល់ដឹងផ្សព្វផ្សាយពីអាជីវកម្មបរិយាប័ន្ន និងការរៀបចំផែនការសកម្មភាព។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានលើកឡើងថា ការតម្រង់ទិសអាជីវកម្មបរិយាប័ន្ន គឺជារឿងសំខាន់ និងចាំបាច់ដើម្បីម្ចាស់អាជីវកម្ម ឬធុរជននៅកម្ពុជា អនុវត្តទៅតាមស្តង់ដាអន្តរជាតិ ទាំងទម្រង់ និងដំណើរការក្នុងខ្សែចង្វាក់ផលិតកម្ម មានភាពប្រសើរឡើងមួយកម្រិតទៀត។
លោកបានបញ្ជាក់ថា៖ «ការតម្រង់ទិសនេះ ក្នុងគោលដៅធ្វើយ៉ាងណាជំរុញឱ្យការធ្វើអាជីវកម្មនានានៅកម្ពុជា ឆ្លើយតបនឹងបទដ្ឋានរបស់អាស៊ាន និងពិភពលោក។ វិស័យឯកជនអាចទទួលបានផលចំណេញពីការធ្វើអាជីវកម្ម បានច្រើនជាងមុន»។
បើតាម លោក ហេង សុខគង់ អាជីវកម្មបរិយាប័ន្ននេះ ត្រូវបានមេដឹកនាំប្រទេសក្នុងអាស៊ានទាំង ១០ បានឯកភាពគ្នាតាំងពីឆ្នាំ ២០១៧ ដើម្បីដាក់បញ្ចូលឱ្យមានការរៀបចំជាកិច្ចប្រជុំកំពូលដោយឡែក ដែលហៅថា ASEAN IB Summit ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ ២០១៨ មក ដើម្បីលើកកម្ពស់អាជីវកម្ម ប្រកបដោយបរិយាប័ន្ននៅក្នុងតំបន់អាស៊ាន៕
សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ៖ ហំ ផានិត
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២