ស្តង់ដារផ្តល់នូវលក្ខណៈបច្ចេកទេស (គោលការណ៍ណែនាំ ឬលក្ខខណ្ឌតម្រូវ) សម្រាប់ផលិតផល ដំណើរការផលិតកម្ម និងសេវាកម្ម។ ប្រសិនបើស្តង់ដារត្រូវបានប្រើប្រាស់ វានឹងធានាបាននូវគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ការកាត់បន្ថយចំណាយ និងភាពងាយស្រួលក្នុងការធ្វើសមាហរណកម្មក្រុមហ៊ុនទៅក្នុងខ្សែច្រវាក់តម្លៃ និងពាណិជ្ជកម្មថ្នាក់ជាតិ ក៏ដូចជាសកលលោក។ រាជរដ្ឋាភិបាលកម្ពុជា គាំទ្រ ការដាក់យកស្តង់ដារនីយកម្មជាឧបករណ៍ដ៏មានឥទ្ធិពល និងជាយុទ្ធសាស្ត្រសម្រាប់ការកែលម្អប្រសិទ្ធភាពនៃអាជីវកម្មកម្ពុជា។
ដើម្បីបង្ហាញថាផលិតផលរបស់ពួកគេអនុលោមតាមស្តង់ដារជាតិនីមួយៗ សហគ្រាសធុនមីក្រូ តូច និងមធ្យម និងជាពិសេសសហគ្រាសធុនមធ្យម ត្រូវដាក់ពាក្យស្នើសុំវិញ្ញាបនបត្រស្តង់ដារដែលទាក់ទងនឹងឧស្សាហកម្ម ឬពាណិជ្ជកម្មរបស់ខ្លួន តាមរយៈវិទ្យាស្ថានស្ដង់ដារកម្ពុជា ។ ផ្នែកនេះនឹងផ្តល់ព័ត៌មានសម្រាប់ជួយអ្នកនៅក្នុងការធានាថា អាជីវកម្ម របស់អ្នក អនុលោម តាមស្តង់ដារកម្ពុជា ស្តង់ដារអន្តរជាតិ និងបទបញ្ញាត្តិបច្ចេកទេសរបស់កម្ពុជា។
តើវិទ្យាស្ថានស្ដង់ដារកម្ពុជាកំពុងធ្វើអ្វី?
វិទ្យាស្ថានស្តង់ដារកម្ពុជាយកចិត្តទុកដាក់ជាពិសេសចំពោះស្តង់ដារនីយកម្ម ពីព្រោះស្តង់ដារអាចជះឥទ្ធិពលលើវិស័យសាធារណៈជាច្រើន ដូចជាភាពប្រកួតប្រជែងនៃឧស្សាហកម្ម ដំណើរការទីផ្សារ ការការពារ បរិស្ថាន សុខភាពមនុស្ស និងនវានុវត្តន៍។
វិទ្យាស្ថានស្តង់ដារកម្ពុជា គឺជាស្ថាប័នដែលទទួលខុសត្រូវលើការរៀបចំស្តង់ដារជាតិ និងគោលការណ៍ណែនាំស្ដីពី ផលិតផល ទំនិញ សម្ភារៈ សេវាកម្ម និងប្រតិបត្តិការ។ វិទ្យាស្ថានស្តង់ដារកម្ពុជាគឺជាសមាជិករបស់អង្គការស្តង់ដារអន្តរជាតិ (ISO) ហើយអាចលក់ និងអនុម័តស្តង់ដារ ISO នៅក្នុងប្រទេសបាន។
វិញ្ញាបនបត្រកម្មដោយមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ (STINL)
ទាក់ទងនឹងសេវាកម្មដែលផ្តល់ជូនសហគ្រាសធុនមីក្រូ តូច និងមធ្យម និងជាពិសេសសហគ្រាសធុន មធ្យម វិទ្យាស្ថានស្ដង់ដារកម្ពុជាផ្តល់សេវាកម្មធ្វើតេស្ត តាមរយៈមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់ខ្លួន ដែលក៏ជាស្ថាប័នវិញ្ញាបនបត្កម្មកម្ពុជាផងដែរ។ វិទ្យាស្ថានស្ដង់ដារកម្ពុជា និងមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ផ្តល់ជូននូវសេវាកម្មបណ្តុះបណ្តាល និងប្រឹក្សាយោបល់ទាក់ទងនឹងស្តង់ដារ ដូចជា ISO ៩០០១ ISO ២២០០០ HACCP ក្បួនអនុវត្តន៍ អនាម័យល្អ (GHP) និងក្បួនអនុវត្តន៍ ផលិតកម្មល្អ (GMP) ។ ព័ត៌មាន អំពីបទបញ្ញត្តិ ទាំងនេះអាចរកបានដោយមិនគិតថ្លៃ។ ឯកសារស្តង់ដារត្រូវបានផ្តល់ជូនដោយគិតកម្រៃតិចតួចសម្រាប់ការរក្សាសិទ្ធិ។
វិទ្យាស្ថានស្តង់ដារកម្ពុជា ផ្តល់សេវាវិញ្ញាបនបត្រកម្មស្តង់ដារ តាមរយៈការធ្វើតេស្ត និងវាស់វែងដើម្បីកំណត់គុណភាព និងលក្ខណៈផលិតផល ដោយផ្អែកលើស្តង់ដារ ISO ជាតិ និងអន្តរជាតិ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ វិទ្យាស្ថានស្ដង់ដារកម្ពុជា
ការអនុវត្តការវាស់វែងដែលទទួលស្គាល់ជាសាកលដោយមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិកម្ពុជា (NMC)
មាត្រាសាស្ត្រគឺជាវិទ្យាសាស្ត្រវាស់វែង និងបង្កើតការយល់ដឹងជាទូទៅអំពីឯកត្តា ដូចជាទំហំ ប្រវែង ទម្ងន់។ល។ វាផ្តល់នូវសុក្រិតភាព គុណភាព និងសុវត្ថិភាពដើម្បីរក្សាទីផ្សារឱ្យបន្តមានភាពប្រកួតប្រជែង និងធានាថាផលិតផលនានាអាច ប្រៀបធៀបនៅទូទាំងពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជាយកមាត្រាសាស្ត្រជាឧបករណ៍ដ៏សំខាន់ក្នុងការលើកកម្ពស់នវានុវត្តន៍ និងភាពប្រកួតប្រជែងក្នុងឧស្សាហកម្ម តាមរយៈការជំរុញភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រវាស់វែង ស្តង់ដារ និងបច្ចេកវិទ្យាដែលមានការទទួលស្គាល់ជាអន្តរជាតិ។
មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិកម្ពុជាទទួលខុសត្រូវលើរាល់ការងារមាត្រាសាស្ត្រដែលកំណត់ដោយច្បាប់ស្ដីពីមាត្រាសាស្ត្រកម្ពុជា និងធានាថាមាត្រាសាស្ត្ររួមចំណែកនៅក្នុងការ ប្រកួតប្រជែងដោយស្មើភាព គុណភាពផលិតផល ការពង្រឹងនវានុវត្តន៍ ការកាត់បន្ថយរបាំងបច្ចេកទេស និងការពារ បរិស្ថាន និងសុខមាលភាពសាធារណៈ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។
ក្នុងនាមជាសមាជិកនៃអង្គការអន្តរជាតិ និងតំបន់ មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិកម្ពុជាអាចផ្តល់សច្ចាប័នលើស្តង់ដារជាតិដែលចែកចេញជាបីប្រភេទ គឺស្តង់ដារបឋម ស្ដង់ដារមធ្យម និងស្តង់ដារការងារថ្នាក់ជាតិ។ ក្រោមជំនួយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់ ដោយមានការគាំទ្រពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហព័ន្ធ (BMZ) មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិកម្ពុជាគឺជាដៃគូនៃគម្រោង“ពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពក្នុងតំបន់អាស៊ាន” អនុវត្តដោយវិទ្យាស្ថានមាត្រាសាស្ត្រជាតិអាល្លឺម៉ង់ (PTB) ចន្លោះពីឆ្នាំ២០១៥ ដល់ ឆ្នាំ២០២១ ។
ពាក់ព័ន្ធនឹងសហគ្រាសធុនតូច និងមធ្យម ជាពិសេសសហគ្រាសធុនមធ្យម មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិកម្ពុជារួមចំណែកដល់ការអនុវត្តប្រព័ន្ធវាស់វែងជាសកល ដែលផ្តល់នូវវិញ្ញាបនបត្រទទួលស្គាល់ជាសកល។ មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិកម្ពុជា ក៏ផ្តល់សេវាកម្មប្រឹក្សាយោបល់ និងបណ្តុះបណ្តាល ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធគុណភាព ស្តង់ដារវាស់វែងក្នុងការធ្វើព្យាសកម្ម ភាពមិនច្បាស់លាស់នៃការវាស់វែង វិធីសាស្ត្រសុពលកម្មបែបវិភាគ និងការពិនិត្យផ្ទៀងផ្ទាត់នីតិវិធីតេស្ត ព្រមទាំងការចុះបញ្ជីមាត្រាសាស្ត្រ ការពិនិត្យផ្ទៀងផ្ទាត់ ការធ្វើព្យាសកម្ម និងអាជ្ញាបណ្ណ។ ទម្រង់ពាក្យស្នើសុំ និងតម្រូវការឯកសារ មានភាពខុសប្លែកគ្នាសម្រាប់សេវាកម្មនីមួយៗ។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងទៅនឹង មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ សូមចុចនៅទីនេះ
តើលោកអ្នកកំពុងពិចារណាចាប់ផ្តើមអាជីវកម្មនៅប្រទេសកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ! លោកអ្នកនឹងទទួលបានព័ត៌មានជាមួយការណែនាំពីការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ចេះពីរបៀបបើកអាជីវកម្ម អាជ្ញាប័ណ្ណចាំបាច់ ការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលបញ្ចប់អាជីវកម្មរបស់លោកអ្នកនៅក្នុងប្រទេសកម្ពុជា។
អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម