ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីការវិវឌ្ឍសំខាន់ពីរក្នុងវិស័យផលិតសំបកកង់កម្ពុជា។លោកបានចែករំលែកដំណឹងដ៏គួរឲ្យរំភើប ពេលប្រារព្ធកម្មវិធីខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ដែលរៀបចំដោយក្រសួងការងារ នៅនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។
យោងតាមលោកនាយករដ្ឋមន្ដ្រី ក្រុមហ៊ុនថ្មីចំនួនពីរគ្រោងនឹងចូលរួមក្នុងឧស្សាហកម្មសំបកកង់ដែលកំពុងរីកចម្រើនជាមួយនឹងការវិនិយោគដំបូងរួមគ្នាចំនួន ៥០០ លានដុល្លារអាមេរិក ដែលនឹងត្រូវពង្រីកដល់ចំនួនសរុប ១ ពាន់លានដុល្លារនាពេលអនាគត។
ការបណ្តាក់ទុនថ្មីនេះត្រូវបានគេរំពឹងថានឹងជំរុញសេដ្ឋកិច្ចក្នុងស្រុក ខណៈពេលដែលបង្កើតឱកាសការងារជាច្រើន។
លោកនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះសារៈសំខាន់ជាយុទ្ធសាស្ត្រនៃការវិនិយោគថ្មី ដោយលើកទឹកចិត្តក្រុមហ៊ុនផលិតសំបកកង់សហការយ៉ាងជិតស្និទ្ធជាមួយសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា (ARDC)។
វាត្រូវបានរំពឹងទុកថា ភាពជាដៃគូនឹងពង្រឹងការគាំទ្រដល់ចម្ការកៅស៊ូក្នុងស្រុក ធានានូវខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំសម្រាប់ឧស្សាហកម្មនេះ។
លោក ម៉ែន សុភ័ក្រ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ចំណុចនេះពិតជាល្អសម្រាប់ទីផ្សារជ័រកៅស៊ូកម្ពុជាដោយសារទីផ្សារកាន់តែខិតជិតមកដល់សម្រាប់ផលិតផលជ័រកៅស៊ូ ខណៈកន្លងមកកម្ពុជារំពឹងលើការនាំចេញសឹងតែ ១០០ ភាគរយ។
លោកបាននិយាយថា៖ «អ្វីៗកាន់តែប្រសើរសម្រាប់ផលិតផលកៅស៊ូរបស់កម្ពុជាយើងជាមួយខាងរោងចក្រនានា ជាពិសេស រោងចក្រផលិតកង់ឡាន ដែលជាអ្នកប្រើប្រាស់ផលិតផលជ័រកៅស៊ូធម្មជាតិច្រើន»។
លោកបានឱ្យដឹងថា ក្រុមហ៊ុនផលិតកង់រថយន្ដដែលកំពុងតែដំណើរការបានទិញផលិតផលជ័រកៅស៊ូជាបណ្ដើរៗរួចហើយ។
លោក សុភ័ក្រ បានបន្តថា៖ «យោងតាមរបាយការណ៍អគ្គនាយកដ្ឋានកៅស៊ូ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញកៅស៊ូជាង ៣០ ម៉ឺនតោន»។
ចំពោះអ្នកមានចម្ការ លោករំពឹងថា ពួកគេនឹងទទួលបានអត្ថប្រយោជន៍ពីការបង្កើតរោងចក្រផលិតកង់រថយន្ដ ដោយមិនចាំបាច់ធ្វើការនាំចេញផលិតផលកៅស៊ូនោះទេ។ ប៉ុន្ដែលោក សុភ័ក្រ ថា លោកមិនច្បាស់ថា គួរលើកទឹកចិត្ដឱ្យប្រជាពលរដ្ឋធ្វើការដាំដំណាំកៅស៊ូថ្មីៗបន្ថែមទៀតឬយ៉ាងណា ដោយសារលោកមិនទាន់ប្រាកដចំពោះតម្លៃរបស់វា។
លោក សុភ័ក្រ បានបន្ថែមថា៖ «បច្ចុប្បន្ននេះ យើងធ្វើការប្រមូលផ្ដុំ និងកែច្នៃជ័រកៅស៊ូឱ្យមានបទដ្ឋានស្ដង់ដារតម្រូវទៅតាមរោងចក្រផលិតកង់រថយន្ដផ្សេងៗ»។
សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ
ដោយ៖ ហុង រស្មី
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៣០ មេសា ឆ្នាំ២០២៤
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍