កម្ពុជារកចំណូលបាន ៥៤៣ លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ក្នុងត្រីមាសទី១ឆ្នាំនេះកើនឡើង១៣ភាគរយបើធៀបនឹងឆ្នាំមុន នេះបើតាមរបាយការណ៍ពីសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា។
ប្រភពដដែលបានអោយដឹងថា កម្ពុជាបាននាំចេញចំនួន ៤២៤ ០០០ តោន នៃគ្រាប់ស្វាយចន្ទីសរុបចំនួន ៤៧៤ ០០០ តោនទៅប្រទេសវៀតណាម។
លោក អួន ស៊ីឡុត ប្រធានសមាគមគ្រាប់ស្វាយចន្ទីបាននិយាយថា ការនាំចេញគ្រាប់ស្វាយចន្ទីបានកើនឡើងដោយសារតម្រូវការកើនឡើងនៅលើទីផ្សារអន្តរជាតិ។ ប្រទេសផលិតគ្រាប់ស្វាយចន្ទីមួយចំនួនបានរងផលប៉ះពាល់ដោយអាកាសធាតុមិនអំណោយផល។
លោកបានបន្តថា៖ «តម្លៃគ្រាប់ស្វាយចន្ទីទំនងជានឹងបន្តកើនឡើងដោយសារផលប៉ះពាល់ដែលបណ្តាលមកពីបាតុភូទ El Nino លើប្រទេសផលិតគ្រាប់ស្វាយចន្ទីមួយចំនួននៅអាស៊ី និងអាហ្វ្រិក»។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បច្ចុប្បន្ននេះ កម្ពុជា មានចម្ការស្វាយចន្ទីប្រមាណ ៧០០,០០០ ហិកតា នៅក្នុងខេត្តចំនួន ១០។
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទិសដៅសម្រាប់ឧស្សាហកម្មគ្រាប់ស្វាយចន្ទីជាមួយនឹងការដាក់ចេញនូវគោលនយោបាយជាតិគ្រាប់ស្វាយចន្ទីឆ្នាំ២០២២-២០២៧។ ផែនទីបង្ហាញផ្លូវដ៏ទូលំទូលាយនេះត្រូវបានបង្កើតឡើងដើម្បីជំរុញគោលដៅយុទ្ធសាស្ត្រសំខាន់ៗចំនួនបី – ផលិតកម្ម ការកែច្នៃ និងការនាំចេញ។
យោងតាមប្រធានសមាគម ការផលិតគ្រាប់ស្វាយចន្ទីកែច្នៃក្នុងស្រុកបានកើនឡើងពី៥ ទៅ១០ភាគរយចាប់តាំងពីគោលនយោបាយនេះត្រូវបានដាក់ឱ្យដំណើរការ។
កម្ពុជាជាប្រទេសផលិតគ្រាប់ស្វាយចន្ទីធំជាងគេមួយក្នុងពិភពលោក ប៉ុន្តែមានតែ១០ភាគរយនៃគ្រាប់ស្វាយចន្ទីប៉ុណ្ណោះដែលត្រូវបានកែច្នៃក្នុងស្រុក។
ស្វាយចន្ទី គឺជាដំណាំដ៏មានសក្តានុពលរបស់កម្ពុជា បន្ថែមពីលើស្រូវ កៅស៊ូ ដំឡូងមី ដូងប្រេង ចេក ស្វាយ មៀនប៉ៃលិន និងម្រេច។
សម្រាប់អត្ថបទដើម សូមអាននៅទីនេះ៖
ដោយ៖ AKP
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤
ព័ត៌មាន៖ ខ្មែរ ថាមស៍