ពាណិជ្ជកម្ម​កម្ពុជា​-​ចិន ក្នុង​រយៈពេល ២ ​ខែ​មានតម្លៃ $២,២ ​ពាន់​លាន​

ពាណិជ្ជកម្ម​កម្ពុជា​-​ចិន ក្នុង​រយៈពេល ២ ​ខែ​មានតម្លៃ $២,២ ​ពាន់​លាន​

 

ភ្នំពេញៈ ការចាប់ផ្តើម​ងើបឡើង​វិញ​នៃ​កំណើនសេដ្ឋកិច្ច​សកល បានធ្វើឱ្យ​តម្រូវការ​ទំនិញប្រើប្រាស់​កើន​ជា​បន្ត​បន្ទាប់ ជាក់ស្តែង​រយៈពេល ២ ​ខែ​ដើមឆ្នាំ​ ២០២៤ ការនាំចេញ​នាំចូល​ទំនិញ​រវាង​កម្ពុជា​-​ចិន មាន​ទឹកប្រាក់​ប្រមាណ ២,២ ​ពាន់​លាន​ដុល្លារ កើនឡើង​ជិត ៣០ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣​ ក្នុងនោះ​ទឹក​​ប្រាក់​ដែល​ចិន​នាំមក​កម្ពុជា​បាន​គ្របដណ្តប់​ជិត ៩០​ ភាគ​​រយ​នៃ​ទឹកប្រាក់​សរុប​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​ទិន្នន័យ​កត់ត្រា​ដោយ GDCE ឱ្យដឹងថា ចិន គឺជា​ដៃគូ​ពាណិជ្ជ​កម្ម​ធំជាងគេ​របស់​កម្ពុជា ដោយ​ចន្លោះ​ពី​ខែមករា​-​ខែកុម្ភៈ ឆ្នាំ​ ២០២៤ ការនាំចេញ នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង ​២ មាន​ទឹកប្រាក់​សរុប ២,២​ ពាន់​លាន​ដុល្លារ កើនឡើង ២៩ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ដែលមាន ១,៧ ​លាន​ដុល្លារ​។ ក្នុង​ចំនួន​នេះ គឺ​ទំនិញ​កម្ពុជា​នាំទៅ​ចិន ២២៧,៧៥​ លាន​ដុល្លារ កើន ១៥​ ភាគរយ ខណៈ​ទំនិញ​ចិន​នាំមក​កម្ពុ​ជាមាន​ប្រមាណ ១,៩៧ ​ពាន់​លាន​ដុល្លារ កើន ៣០,៨ ​ភាគរយ​។​

​សម្រាប់​តុល្យភាព​ជញ្ជីង​ពា​​ណិ​ជ្ជ​កម្ម រយៈពេល ២​ ខែ ដើម​​ឆ្នាំ​ ២០២៤ គឺ​កម្ពុ​ជាមាន​ឱន​ភាព ១,៧៤​ ពាន់​លាន​ដុល្លារ ខណៈ​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២៣ មាន​ចំនួន ១,៣១ ​ពាន់​លាន​ដុល្លារ​។​

​សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភា​​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២០ ខែមីនា​ថា ការកើនឡើង​ជា​បន្ត​បន្ទាប់​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ ២ គឺ​ដោយសារតែ​ភាពល្អ​ប្រសើរ​នៃ​ទំនាក់ទំនង​ការទូត ខណៈ​ប្រទេស​ទាំង ​២ ក៏មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយគ្នា ​(CCFTA) ហើយក៏​ជា​សមាជិក​នៃ​កិច្ច​ព្រម​ព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ផងដែរ​។

លោក​បន្តថា ខណៈ​ប្រទេស​ចិន ​ត្រូវបាន​គេ​ទទួល​ស្គាល់​ជា​ប្រភព​ផ្គត់ផ្គង់​វត្ថុ​ធាតុ​ដើម និង​ទំនិញ​ដ៏​ធំ​លើ​ពិភពលោក​នោះ ដូច្នេះ​ចិន​នឹង​បន្ត​ជា​ប្រភព​ផ្គត់ផ្គង់​ទំនិញ​ដ៏​សំខាន់​របស់​កម្ពុជា ជាពិសេស​វត្ថុ​ធាតុ​​ដើម​ក្នុង​ផលិតកម្ម​វាយ​ន​ភណ្ឌ​ដើម្បីឱ្យ​កម្ពុជា​យកទៅ​កែច្នៃ​ជា​ផលិតផល​សម្រេច​សម្រាប់​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​។​

​លោក​បន្ថែមថា​៖ «​រយៈពេល​ជា​យូរ​មកហើយ​ដែល​ប្រទេស​​ចិន គឺជា​ប្រភព​សំខាន់​នៃ​ការ​​ផ្គត់ផ្គង់​វត្ថុធាតុដើម ឬ​គ្រឿងផ្សំ​ផ្សេងៗ​ឱ្យ​រោងចក្រ​/​សហគ្រាស​នៅ​កម្ពុជា​។ ពាណិជ្ជកម្ម​ប្រទេស​ទាំង​ ២ នឹង​បន្ត​កើនឡើង​ថែមទៀត​នាពេលខាងមុខ​»​។​

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

 

ដោយ៖ ហ៊ឹន ពិសី

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

https://pafipayakumbuhkab.org slot thailand slot 4d