កំពង់ចាមៈ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងជួយពង្រឹងសមត្ថភាពបន្ថែម ដល់សិប្បករ និងពាណិជ្ជករ ដែលជាម្ចាស់សហគ្រាសផលិតនូវផលិតផលខ្មែរ នាខេត្តកំពង់ចាម ក្នុងការពង្រឹងគុណភាព សុវត្ថិភាព សោភណភាព ការកសាងម៉ាកស្របតាមស្តង់ដា សម្រាប់នាំចេញនៅនឹងកន្លែង និងនាំចេញទៅក្រៅប្រទេស។
នេះជាការលើកឡើងរបស់លោក កៅ កោសល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ក្នុងពេលដែលលោកបានចូលរួមក្នុងសិក្ខាសាលាស្ដីពីការលើកកម្ពស់ផលិតផលខ្មែរ នៅខេត្តកំពង់ចាម កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤ ។
លោក កៅ កោសល បានថ្លែងទៀតថា គោលបំណងរបស់ក្រសួង ក៏ដូចជាការរៀបចំសិក្ខាសាលានាពេលនេះ គឺដើម្បីជួយអភិវឌ្ឍផលិតផលខ្មែរ ឱ្យមានតម្លៃស្របតាមទីផ្សារ ប្រកបដោយភាពប្រកួតប្រជែងជាមួយនឹងផលិតផលនាំចូល បំផុសឱ្យប្រជាជនខ្មែរចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើន បង្កើនផលិតភាព ឱកាសការងារ និងប្រាក់ចំណូល។
លោកបានបញ្ជាក់ថា៖ «ខេត្តកំពង់ចាម មានផលិតផលសក្តានុពលសំខាន់ៗដូចជា ស្រូវ ដំឡូងមី ស្វាយចន្ទី កៅស៊ូ ម្រេច ពោត ស្វាយកែវរមៀត និងចេក ជាដើម ដែលផលិតផលទាំងនេះ សុទ្ធសឹងតែផលិតផលដែលមានសក្តានុពលនិងទីផ្សារទាំងក្នុងនិងក្រៅស្រុក។ ហេតុដូចនេះ ទើបក្រសួងលើកទឹកចិត្តឱ្យមានការផលិតនិងកែច្នៃប្រកបដោយគុណភាព អនាម័យស្របតាមស្តង់ដា ដើម្បីជំរុញការលើកកម្ពស់ផលិតផលខ្មែរ សម្រាប់ការប្រើប្រាស់ក្នុងស្រុកផងនិងនាំចេញផង»។
លោក កៅ កុសល បានបន្ថែមថា ចំណុចសំខាន់ៗ ដែលសិប្បករ និងពាណិជ្ជករត្រូវពង្រឹងបន្ថែមរួមមាន ការអភិវឌ្ឍផលិតផលខ្មែរស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន, ការវេចខ្ចប់ផលិតផលខ្មែរឱ្យមានសោភណភាពស្របតាមស្តង់ដា, ការកសាងម៉ាកយីហោផលិតផលខ្មែរ, បែបបទនៃការបញ្ជូនផលិតផលខ្មែរចូលផ្សារទំនើប (អ៊ីអនម៉ល) និងរួមទាំងគន្លឹះ នៃការធ្វើទីផ្សារអាជីវកម្មរបស់ផងដែរ។
លោក តុប វ៉ាន់ឌី ប្រធានសមាគមស្វាយចន្ទីកម្ពុជាប្រចាំខេត្តកំពង់ចាម ដែលបានចូលរួមក្នុងសិក្ខាសាលានេះដែរ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៧ ខែមីនាថា ការពង្រឹងគុណភាព សុវត្ថិភាព សោភណភាព ការកសាងម៉ាកស្របតាមស្តង់ដានេះ មានសារៈសំខាន់ណាស់សម្រាប់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករនិងក្រុមផលិតនៅខេត្តកំពង់ចាម។
ដើម្បីអានអត្តបទដើម សូមចុចទីនេះ
ដោយ៖ វណ្ណ សុជាតា
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍