ភ្នំពេញៈ វិស័យសហគ្រាសធុនតូច និងមធ្យម (SME) គឺជាបញ្ហាចម្បងដែលរាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ខ្លាំង និងព្យាយាមទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនផ្ទាល់កាន់តែច្រើន ខណៈវិស័យនេះកំពុងចូលរួមចំណែកក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ នេះបើយោងតាមរដ្ឋមន្ត្រីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI)។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងវេទិកាពិភាក្សា «អាទិភាពការងាររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលរៀបចំនៅទីស្តីការក្រសួង ក្រោមកិច្ចសហការជាមួយក្លិបអ្នកកាសែតកម្ពុជា (CCJ) កាលពីរសៀលថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា និងផ្នែកពាក់ព័ន្ធបាននិងកំពុងខិតខំយ៉ាងសកម្មក្នុងការជំរុញ និងលើកកម្ពស់ផលិតកម្មក្នុងស្រុក តាមរយៈការជំរុញចង្វាក់ផលិតកម្មកែច្នៃដើម្បីកាត់បន្ថយការនាំចូលពីបរទេស និងជាពិសេសលើកកម្ពស់ការនាំចេញទំនិញទៅទីផ្សារអន្តរជាតិ។
លោកប្រាប់ទៀតថា ចំនួនរោងចក្រដែលចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកើនឡើងជាបន្តបន្ទាប់ ដោយគិតត្រឹមឆ្នាំ ២០២៣ មានចំនួន ២ ១២៥ ក្នុងនោះ ២៤១ គឺជារោងចក្រថ្មីដែលចុះបញ្ជីក្នុងឆ្នាំ ២០២៣។
លោកបន្តថា មូលហេតុដែលនាំឱ្យចំនួនរោងចក្រ/សហគ្រាសចុះបញ្ជីនៅក្រសួង និងបើកដំណើរការនៅកម្ពុជាកាន់តែច្រើន គឺដោយសារកត្តាស្ថិរភាពនយោបាយ អត្រាកំណើនសេដ្ឋកិច្ច និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ជាក់ស្តែងបន្ទាប់ពីការត្រឡប់មកវិញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៃដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ គឺគេសង្កេតឃើញមានវិនិយោគិនជប៉ុនជាច្រើនបានចាប់អារម្មណ៍ក្នុងការមកបង្កើតតំបន់ឧស្សាហកម្មនៅកម្ពុជា។ ចំណុចទាំងអស់នោះ គឺជាសុទិដ្ឋិនិយមមួយសម្រាប់វិស័យឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
លោកបានថ្លែងថា៖ «ខ្ញុំជឿជាក់ថា តាមរយៈការជួយជ្រោមជ្រែង និងការខិតខំ គឺវិនិយោគិននឹងមានការទុកចិត្តច្រើន មានការចាប់អារម្មណ៍ច្រើននៅកម្ពុជា ជាពិសេសនៅក្នុងអាណត្តិដែលមានសម្តេចមហាបវរធិបតីដឹកនាំនេះ»។
យោងតាមលោករដ្ឋមន្ត្រីចំណុចចម្បងដែលនឹងជួយឱ្យផលិតកម្មរបស់ SME នៅកម្ពុជាអាចបោះជំហានទៅមុខកាន់តែលឿន និងមានសមត្ថភាពប្រកួតប្រជែងទាំងជាមួយផលិតផលនាំចូល និងបង្កើនសមត្ថភាពនាំចេញគឺការរួមគ្នាបង្កើតជាក្រុម សមាគម សហគមន៍ ឬសហព័ន្ធ ព្រោះវានឹងជួយឱ្យកម្លាំងផលិតកាន់តែខ្លាំង និងមានស្តង់ដាគុណភាពរួមគ្នា, បញ្ហាធនធានហិរញ្ញវត្ថុ, ពលកម្មជំនាញ។
សម្រាប់ព័ត៌មានបន្ថែម សូមអាននៅទីនេះ
ដោយ៖ ហ៊ឹន ពិសី
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍