ភ្នំពេញៈ ទេសាភិបាលធនាគារកណ្តាលកម្ពុជាបានបញ្ជាក់ថា ប្រព័ន្ធទូទាត់បាគងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍបរិយាបន្នហិរញ្ញវត្ថុទៅដល់ប្រជាជនដែលមិនទាន់មានសេវាហិរញ្ញវត្ថុ ជាពិសេសផ្តល់នូវការអភិវឌ្ឍអនាគតនៃរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល (DCBC)។
ថ្លែងនៅក្នុងសន្និសីទស្តីពីរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល «ការអនុវត្តដ៏ល្អដែលកំពុងកើតមាន» ដែលរៀបចំដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៃវិទ្យាស្ថានបណ្តុះបណ្តាលក្នុងតំបន់សិង្ហបុរី (STI) នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) ថា រូបិយប័ណ្ណឌីជីថល មានចំណាប់អារម្មណ៍យ៉ាងសំខាន់ចំពោះធនាគារជាតិនៃកម្ពុជា ដែលកំពុងសិក្សាយ៉ាងសកម្មពីគោលគំនិតរបស់ CBDC តាំងពីឆ្នាំ ២០១៦ រហូតដល់ឆ្នាំ ២០២០។ នៅពេលនោះ ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់បាគង ដែលរួមបញ្ចូលមុខងារជាច្រើនស្រដៀងគ្នានឹង CDBC។
លោកស្រីថ្លែងថា៖ «ខ្ញុំសូមឆ្លៀតយកឱកាសនេះដើម្បីពិភាក្សាអំពីទិដ្ឋភាពជាក់ស្តែងមួយចំនួនក្នុងការបង្កើតប្រព័ន្ធទូទាត់បាគង។ ទី១ បាគងបានលើកកម្ពស់អន្តរប្រតិបត្តិការ និងការតភ្ជាប់នៅទូទាំងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា និងទី២ ប្រព័ន្ធនេះបង្កើនប្រសិទ្ធភាពនៃការទូទាត់ ការចំណាយ តម្លាភាព និងសុវត្ថិភាព។ ដូច្នេះប្រព័ន្ធនេះជួយសម្រួលដល់បរិយាបន្នហិរញ្ញវត្ថុក្នុងចំណោមប្រជាជនដែលមិនទាន់ទទួលបានសេវាកម្មហិរញ្ញវត្ថុ ហើយផ្នែកហិរញ្ញវត្ថុវាលើកទឹកចិត្តដល់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកក្នុងការទូទាត់តាមអេឡិចត្រូនិក។ នៅដំណាក់កាលដំបូង ធនាគារជាតិនៃកម្ពុជាបានវាយតម្លៃការត្រៀមខ្លួនជាស្រេចជាមូលដ្ឋានរបស់ខ្លួន ពាក់ព័ន្ធនឹងធនធាន និងសមត្ថភាពបច្ចេកទេស និងពិនិត្យមើលឡើងវិញនូវក្របខ័ណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធរបស់ខ្លួន»។
លោកស្រីពន្យល់ថា ប្រព័ន្ធបាគងមានមុខងារសំខាន់ ២ គឺមុខងារឆ្អឹងខ្នងអាចឱ្យប្រតិបត្តិការភ្លាមៗដើម្បីដំណើរការនៅទូទាំងគ្រឹះស្ថាន និងមួយទៀតគឺអាចធ្វើប្រតិបត្តិការពីមិត្តភក្តិទៅមិត្តភក្ដិរវាងអ្នកប្រើប្រាស់ជាក់ស្ដែងបាន។
សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ
ដោយ៖ ម៉ៃ គុណមករា
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២៣
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍