ភ្នំពេញៈ ក្រុមហ៊ុនអាជីវកម្មជាង ៣,១ ពាន់ដែលមានដើមទុនសរុបជាង ៨,៩ ពាន់លានដុល្លារអាមេរិកបានទទួលជោគជ័យលើការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ១ ខណៈកាលពីដើមឆ្នាំ ២០២៣ ក្រុមហ៊ុនចុះបញ្ជីមានចំនួនត្រឹម ២០ ៦៩៣ និងដើមទុនជាង ៥,៨១ ពាន់លានដុល្លារ។ នេះបើយោងតាម Online Business Registration Service។
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ១ ត្រូវបានរដ្ឋាភិបាលប្រកាសដាក់ឱ្យដំណើរការកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ ដែលរួមមានក្រសួង-ស្ថាប័នរដ្ឋចំនួន ៦ ចូលរួម គឺក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, អគ្គនាយកដ្ឋានពន្ធដារ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្រោយមករដ្ឋាភិបាលក៏បានប្រកាសដាក់ឱ្យដំណើរការដំណាក់កាលពី ២ នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ និងដំណាក់កាលទី ៣ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣ ដោយបានបន្ថែមក្រសួង-ស្ថាប័នមួយចំនួនបន្ថែមទៀត។
បណ្តាញសង្គមផ្លូវការរបស់ Online Business Registration Service ឱ្យដឹងថា គិតត្រឹមថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ (ម៉ោង ២៣:៥៩នាទី) ចំនួនក្រុមហ៊ុនដែលបានចុះបញ្ជីជោគជ័យតាមប្រព័ន្ធ Single Portal មានចំនួនសរុប ៣១ ០២៧ ក្រុមហ៊ុន ស្មើនឹងដើមទុនចុះបញ្ជីសរុប ៨,៩១ ពាន់លានដុល្លារ។ ក្រុមហ៊ុនដែលមានម្ចាស់ជាស្ត្រី ស្មើនឹង ៣៨ ភាគរយ និងបុរស ៦២ ភាគរយ។ កាលពីដើមឆ្នាំ ២០២៣ (ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣) ក្រុមហ៊ុនទទួលបានជោគជ័យលើការចុះបញ្ជី មាន ២០ ៦៩៣ និងមានដើមទុន ៥,៨១ ពាន់លានដុល្លារ។
ផ្អែកតាមតារាង គឺក្នុងចំណោមទុនវិនិយោគទាំង ៨,៩១ ពាន់លានដុល្លារ គឺផ្នែកសាងសង់អគារ មានដើមទុនប្រមាណ ១,១ ពាន់លានដុល្លារ ស្មើនឹង ១២,៣៥ ភាគរយ, សកម្មភាពសេវាកម្មស្នាក់នៅ ៩៤៨ លានដុល្លារ ស្មើ ១០,៦៥ ភាគរយ, ផ្នែកអចលនទ្រព្យ (ប្រើអចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ) មានដើមទុន ៩៤៤ លានដុល្លារ ស្មើនឹង ១០,៦ ភាគរយ, សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង ៤៨៨ លានដុល្លារ ស្មើនឹង ៥,៤៨ ភាគរយ, កម្មន្តសាលសម្លៀកបំពាក់ (លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វ) ៤៦៩ លានដុល្លារ ស្មើ ៥,២៦ ភាគរយ, និងផ្នែកផ្សេងៗមានដើមទុន ៤,៩៦ ពាន់លានដុល្លារ ស្មើ ៥៥,៦៧ ភាគរយ។
Online Business Registration Service បានឱ្យដឹងទៀតថា ក្រៅពីនេះក្រុមហ៊ុនទាំង ៣១ ០២៧ ខាងលើ ក៏មានក្រុមហ៊ុនចំនួន ១៧ ១៦៤ ផ្សេងទៀត ដែលទទួលជោគជ័យលើការសុំនាមករណ៍បម្រុងទុក និងមានចំនួន ២ ត្រូវបានបដិសេធ។
សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ
ដោយ៖ ហ៊ឹន ពិសី
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៏