ភ្នំពេញៈ ទឹកប្រាក់ជាង ២,៤ ពាន់លានដុល្លារ ត្រូវបានកម្ពុជារកបានពីការនាំចេញម៉ាស៊ីន ឧបករណ៍អគ្គិសនី និងបំណែករបស់វា នារយៈពេល ៩ ខែ ឆ្នាំ ២០២៣ កើនជិតទ្វេដង បើធៀបរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE)។
បើតាមទិន្នន័យពី GDCE គឺចន្លោះពីខែមករា-កញ្ញា ឆ្នាំ ២០២៣ កម្ពុជាបាននាំចេញទំនិញជំពូក (HS ២ ខ្ទង់) លេខកូដ ៨៥ ដែលរួមមានម៉ាស៊ីន ឧបករណ៍អគ្គិសនី និងបំណែករបស់វា ក្នុងតម្លៃសរុប ២,៤៨ ពាន់លានដុល្លារ កើនឡើង ៩៣,៥ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមានជាង ១,២៨ ពាន់លានដុល្លារ។ ទឹកប្រាក់នេះស្មើ ១៤,៦ ភាគរយ ការនាំចេញសរុបរបស់កម្ពុជារយៈពេល ៩ ខែនៃឆ្នាំ ២០២៣ ដែលមាន ១,៦៩៤ ពាន់លានដុល្លារ។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៦ ខែវិច្ឆិកាថា ឆ្លងកាត់ការអភិវឌ្ឍជាច្រើនឆ្នាំ និងការដាក់ចេញយុទ្ធសាស្ត្រទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យបញ្ចេញទុនវិនិយោគ បច្ចុប្បន្នប្រទេសកម្ពុជាបានក្លាយជាទីតាំងផលិតទំនិញចម្រុះកាន់តែច្រើនសម្រាប់ផ្គត់ផ្គង់ទីផ្សារអន្តរជាតិ។
លោកបន្តថា កំណើនការនាំចេញម៉ាស៊ីន ឧបករណ៍អគ្គិសនី និងបំណែករបស់វា គឺមិនត្រឹមតែបញ្ជាក់ពីការកើនឡើងនៃសមត្ថភាពកម្មករ ប៉ុន្តែក៏ជាចំណែកជួយទាក់ទាញក្រុមហ៊ុនធំៗឱ្យចូលមកបើករោងចក្រ/សហគ្រាសផលិត ឬដំឡើងគ្រឿងម៉ាស៊ីន និងឧបករណ៍អេឡិចត្រូនិក មកបោះទីតាំងផលិតជាផលិតផលសម្រេចសម្រាប់នាំចេញតែម្តង។
លោកពន្យល់ថា៖ «ពេលកម្ពុជាមានរោងចក្រដែលអាចផលិតម៉ាស៊ីន និងគ្រឿងបង្គុំផ្សេងៗកាន់តែច្រើន គឺវានឹងជួយទាក់ទាញក្រុមហ៊ុនធំៗឱ្យមកបើករោងចក្រផលិត ឬដំឡើងជាផលិតផលសម្រេចនៅកម្ពុជាផ្ទាល់តែម្តង ព្រោះមិនចាំបាច់ចំណាយលើថ្លៃដឹកជញ្ជូនទៅរោងចក្រផលិត ឬដំឡើងនៅទីតាំងផ្សេងៗក្រៅប្រទេស»។
លោកបន្ថែមថា ឧស្សាហកម្មទាក់ទងនឹងផលិតផលទាំងអស់ខាងលើ ក៏អាចជួយឱ្យប្រទេសកម្ពុជារកប្រាក់បានកាន់តែច្រើនជាងការនាំចេញផលិតផលដែលប្រើប្រាស់អតិពលកម្មផងដែរ។
បើតាមលោក វណ្ណៈ មូលហេតុដែលធ្វើឱ្យការនាំចេញផលិតផលខាងលើកើនឡើង គឺអាចដោយសារកត្តាមួយចំនួនដូចជា ស្ថិរភាពនយោបាយ, ទីតាំងភូមិសាស្ត្រ, កម្លាំងពលកម្មសម្បូរ និងតម្លៃសមរម្យ, មធ្យោបាយដឹកជញ្ជូនងាយស្រួល, ច្បាប់វិនិយោគអំណោយផល និងមានទីផ្សារនាំចេញច្រើនក្រោមលក្ខខណ្ឌពិសេសផ្នែកពន្ធគយ។
សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ
ដោយ៖ ហ៊ឹន ពិសី
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៏