ភ្នំពេញៈ ផ្សារបោះដុំអាស៊ាន-អន្តរជាតិ ឬផ្សារដើមគរថ្មីគ្រោងនឹងចាប់ផ្តើមបើកដំណើរការនៅមុនដំណាច់ឆ្នាំ២០២៣ នេះហើយ ខណៈគិតមកដល់ពេលនេះ មានអាជីវករប្រហែល ៧០ ភាគរយបានមកចុះឈ្មោះអាជីវកម្មរួចរាល់។
ផ្សារបោះដុំអាស៊ាន-អន្តរជាតិ ឬផ្សារដើមគរថ្មី បានចាប់ផ្តើមសាងសង់ក្នុង២០២២ លើផ្ទៃដីជាង ២០ ហិកតា ដោយសមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មហ្គាន់ស៊ី ប្រទេសចិន។ គម្រោងនេះស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលបានសាងសង់រួចដំណាក់កាលទី១ ហើយដែលមានស្តង់លក់ដូរ ចំនួន ៦០០០ ស្តង់។
ក្នុងអំឡុងពេលចុះទៅពិនិត្យមើលពីវឌ្ឍនភាពសំណង់ផ្សារបោះដុំអាស៊ាន-អន្តរជាតិ ឬហៅថា ផ្សារដើមគរថ្មី ជាមួយលោក Wang Wen Tian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី១២ ខែតុលាកន្លងមក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននិយាយថា នៅពេលបើកដំណើរការផ្សារនេះនឹងក្លាយជាកន្លែងបោះដុំទំនិញក្នុងស្រុក និងក៏អាចមានទំនិញនាំចូលពីក្រៅប្រទេសផងដែរ។ ទំនិញ ដែលដាក់តាំងលក់នៅទីនោះអាចមានចម្រុះជាច្រើនមុខទំនិញ ។
លោកថ្លែងថា៖«ផ្សារបោះដុំនេះសំដៅដល់កន្លែងបោះដុំបន្លែ សម្ភារ គ្រឿងសង្ហារិម… ។ល។ ដែលការបោះដុំនេះគឺអាចយកមកពីប្រទេសជិតខាងក៏ដូចជាប្រទេសចិន ដើម្បីយកមកបោះដុំ និងចែកចាយជូនបណ្តាខេត្តទាំង ២៤។ ទីតាំងនេះគឺសមរម្យបំផុត»។
លោកបន្ថែមថា ផ្សារនេះក៏នឹងជួយរំលែកបងប្អូនអាជីវករពីលើផ្លូវព្រះមុនីរ៉េត(ផ្សារដើមគរ) ដែលបង្កឱ្យបាត់សណ្តាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញផងដែរ។
លោកឯកអគ្គរដ្ឋទូត Wang Wen Tian បានអបអរសាទរ ចំពោះគម្រោងវិនិយោគផ្សារបោះដុំដ៏ធំលើកដំបូងនៅរាជធានីភ្នំពេញមួយនេះ ដោយបញ្ជាក់ថា នេះជាការបង្ហាញឱ្យឃើញពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៃយុទ្ធសាស្ត្រត្បូងពេជ្រ កម្ពុជា-ចិន ដែលផ្តួចផ្តើមឡើងដោយប្រមុខដឹកនាំ នៃប្រទេសទាំង២ ។
សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ
ដោយ៖ ហ៊ិន ពិសី
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៣
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៏