ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលជួបលោកស្រី Wen Jia ប្រធានផ្នែកកិច្ចការសាធារណៈរបស់ក្រុមហ៊ុន Alibaba Group ក្នុងអំឡុងនៃការចូលរួមកិច្ចប្រជុំវេទិកាផ្លូវ និងខ្សែក្រវាត់លើកទី៣ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីម្សិលមិញ។
ក្នុងជំនួបសម្តែងការគួរសម លោកស្រី Wen Jia បានថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រីដែលបានឆ្លៀតពេលវេលាចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ “អនុស្សារណៈនៃការយោគយល់រវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយនឹងក្រុមហ៊ុន Alibaba របស់ប្រទេសចិន” ដើម្បីដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន ក៏ដូចជាបណ្តាប្រទេសអាស៊ាន តាមរយៈ “វេទិកាពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក-Platform eWTP)” ដើម្បីជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
លោកស្រីបានជម្រាបជូននាយករដ្ឋមន្ត្រីកម្ពុជាអំពីការរីកចម្រើនរបស់ក្រុមហ៊ុន Alibaba ដោយបច្ចុប្បន្ននេះ មានអតិថិជនសរុបចំនួនប្រមាណ ១.៣០០ លាននាក់ នៅទូទាំងសកលលោក ហើយក្រុមហ៊ុនក៏បានដាក់លក់នូវផលិតផលកម្ពុជាតាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់ខ្លួនដូចជា អង្ករ និងផ្លែមាន ជាដើម ។
ទន្ទឹមនឹងនេះ លោកស្រីបានបន្ថែមថា ក្រុមហ៊ុនក៏ផ្តល់វេទិកាប្រព័ន្ធអេឡិចត្រូនិកសម្រាប់ប្រជាជនចិនប្រើប្រាស់ ក្នុងការស្នើសុំទិដ្ឋាការកម្ពុជា ផងដែរ ហើយសេវាកម្មនេះទទួលបាននូវចំណាប់អារម្មណ៍ខ្ពស់ និងមានចំនួនអ្នកស្នើសុំកើនទ្បើងគួរឱ្យកត់សម្គាល់ខ្លាំង ។
ជាកិច្ចឆ្លើយតប ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានស្វាគមន៍ និងគាំទ្រដល់ក្រុមហ៊ុន Alibaba ដែលបានចូលរួមក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន-សហគ្រាស ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា តាមរយៈការនាំយកផលិតផល និងសេវាកម្មកម្ពុជា ទៅកាន់ទីផ្សារពិភពលោក ហើយឯកឧត្តមបណ្ឌិតក៏មានសុទិដ្ឋិនិយមផងដែរថា សហគ្រិនកម្ពុជា នឹងប្រើប្រាស់វេទិកា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក Alibaba ដើម្បីទាញយកប្រយោជន៍ពីទីផ្សារអន្តរជាតិអោយបានពេញលេញ។ AKP-C.Nika
សម្រាប់អត្ថបទដើម សូមចូលទៅកាន់ទីនេះ
ដោយ៖ AKP-C.Nika
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣
ព័ត៌មាន៖ ខ្មែរថាមស៍