លោកប្រធានាធិបតី Joko Widodo បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌូនេស៊ីបានទទួលការយល់ព្រមពីរដ្ឋាភិបាលកម្ពុជាសម្រាប់ការផ្គត់ផ្គង់អង្ករចំនួន ២៥០,០០០ តោនក្នុងមួយឆ្នាំ។
ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីឥណ្ឌាបានសម្រេចចិត្តបញ្ឈប់ការនាំចេញអង្ករទៅកាន់ប្រទេសឥណ្ឌូនេស៊ីដែលជាផ្នែកមួយនៃគោលនយោបាយសន្តិសុខស្បៀងជាតិរបស់ខ្លួន។
លោកប្រធានាធិបតីបានលើកឡើងបន្ទាប់ពីជំនួបជាមួយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានរដ្ឋក្នុងទីក្រុងហ្សាកាតាថា “ខ្ញុំពេញចិត្តចំពោះការឆ្លើយតបជាវិជ្ជមានពីកម្ពុជាពាក់ព័ន្ធនឹងការនាំចូលអង្ករ ២៥០,០០០ តោនពីប្រទេសជិតខាងរបស់យើង”។
លោកប្រធានាធិបតីបានបន្ថែមថា ឥណ្ឌូនេស៊ីនឹងគាំទ្រកម្មវិធីសន្តិសុខស្បៀងរបស់កម្ពុជា តាមរយៈការផ្គត់ផ្គង់ជីកសិកម្ម។
ដំបូងឡើយ ឥណ្ឌូណេស៊ីមានគម្រោងនាំចូលអង្ករចំនួន ១លានតោនពីឥណ្ឌា ប៉ុន្តែសំណើនេះត្រូវបានបដិសេធ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Zulkifli Hasan។
លោកបានពន្យល់នៅក្នុងសវនាការជាមួយគណៈកម្មការទី VI របស់សភាតំណាងរាស្រ្តស្តីពីពាណិជ្ជកម្មថាការផ្គត់ផ្គង់អង្ករបច្ចុប្បន្ននៅតែមានសុវត្ថិភាព។ លោកបានអោយដឹងទៀតថា ទីភ្នាក់ងារភ័ស្តុភាររដ្ឋ Bulog ត្រូវបានចាត់ឲ្យទទួលបន្ទុកទិញអង្ករចំនួន ២ លានតោនពីប្រទេសថៃ និងវៀតណាម។
ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា ទីតាំងស្តុកអង្ករជាតិនៅក្នុងឃ្លាំង Bulog បានកើនឡើងដល់ជិត ១.៦ លានតោនគិតត្រឹមថ្ងៃច័ន្ទ បន្ថែមពីលើការផ្គត់ផ្គង់អង្ករចំនួន ៤០០,០០០ តោនពីប្រទេសជិតខាងដែលនឹងត្រូវដឹកជញ្ជូនមកដល់នៅចុងឆ្នាំនេះដោយផ្អែកលើកិច្ចព្រមព្រៀងពីមុន។
រដ្ឋាភិបាលកំពុងចាត់វិធានការយ៉ាងសកម្មដើម្បីបង្កើនទុនបម្រុងស្បៀងក្នុងករណីមានគ្រោះរាំងស្ងួត និងការរំខានដល់ការប្រមូលផលដែលបណ្តាលមកពីបាតុភូត El Nino ៕
សម្រាប់អត្ថបទដើម សូមអាននៅទីនេះ
ដោយ៖ Jakarta Globe
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣
ព័ត៌មាន៖ ខែ្មរថាមស៍