ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) សម្រេចបន្តសហការអនុវត្តគម្រោងជំរុញការលក់ផលិតផលខ្មែរនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី (PTT) នៅរាជធានី-ខេត្តមួយចំនួន រៀងរាល់ថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យចាប់ពីខែឧសភានេះ ដើម្បីជួយជ្រោមជ្រែងលើកកម្ពស់ផលិតផលក្នុងស្រុក។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី៣ ខែឧសភា បានឱ្យដឹងថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រុមហ៊ុន ភីធីធី (ខេមបូឌា) អនុវត្តគម្រោងជំរុញការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាមបណ្តារាជធានី-ខេត្ត។
គម្រោងនេះបានអនុវត្តដោយជោគជ័យក្នុងឆ្នាំ២០២២ និងដំណាក់កាលទី២ ត្រីមាសទី១ ឆ្នាំ២០២៣ រួចមកហើយ នៅរាជធានី-ខេត្តចំនួន១៦ តាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន១៩។
ក្រសួងបញ្ជាក់ថា កិច្ចសហការនេះ ក្នុងគោលបំណងជួយជ្រោមជ្រែងលើកកម្ពស់ផលិតផលខ្មែរ ដែលជាផលិតផលលក្ខណៈគ្រួសារតូចៗ លើទីផ្សារក្នុងស្រុក ការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា នៅលើមូលដ្ឋាននៃតម្លាភាព និងផលប្រយោជន៍សហគមន៍។
សេចក្តីជូនដំណឹងបន្តថា៖«ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) នឹងសហការអនុវត្តគម្រោងដដែលនៅរៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ១៧:០០ នៅក្នុងរាជធានី-ខេត្តចំនួន១៣ តាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន១៤ បន្តទៀត»។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានស្វាគមន៍ពីគម្រោងនេះ ព្រោះវាជាចំណុចល្អ ក្នុងការលើកកម្ពស់ និងផ្លាស់ប្តូរផ្នត់គំនិត របស់អ្នកប្រើប្រាស់ជាពិសេសប្រជាពលរដ្ឋខ្មែរ កុំឱ្យទៅទិញនូវផលិតផលរបស់បរទេស យកមកប្រើប្រាស់ ហើយងាកមករកទិញផលិតផលរបស់ខ្មែរវិញ។
សម្រាប់ពត៍មាន បន្ថែមសូមចុចលើទីនេះ។
រៀបរាងដោយ៖ សុខ រក្សា
ប្រភព៖ ភ្នំពេញបុស្តិ័
ថ្ងៃទី៖ ០៤ ឧសភា ២០២៣