លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោកគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ឯកអគ្គរាជទូតជប៉ុន ក្នុងការធ្វើសមាហរណកម្ម កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេស នៅជាប់គ្នាតែម្តង ដើម្បីទាក់ទាញអ្នកវិនិយោគមកពីក្រៅប្រទេស ជាពិសេស វិនិយោគិនជប៉ុន។
លោកនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះនៅក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣។
លោកបន្តថា រាល់កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំប្រទេសជប៉ុន លោកតែងតែអំពាវនាវចំពោះការអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ។ កម្ពុជា-ជប៉ុន បានយកចិត្តទុកដាក់លើផ្នែកភ័ស្តុភារកម្ម និងពន្លឿនដោយធ្វើយ៉ាងណាឱ្យទឹកនៅកំពង់ផែនេះរឹតតែជ្រៅ ដើម្បីអាចឱ្យនាវាធំៗចូលចតនៅកំពង់ផែនេះបានដើម្បីកាត់បន្ថយតម្លៃ នៃការដឹកជញ្ជូន។
លោក ហ៊ុន សែន បន្ថែមថា៖ «ខ្ញុំតែងតែអំពាវនាវឱ្យជប៉ុនពង្រីកឱ្យបានលឿនបំផុត តាមដែលអាចធ្វើទៅបាននូវផែទឹកជ្រៅ។ កាលណោះ ខ្ញុំបានអំពាវនាវដល់អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ដែលបានទទួលមរណភាពទៅហើយនោះ គួរឱ្យសោកស្តាយណាស់គឺអំពាវនាវឱ្យពន្លឿនឱ្យធ្វើយ៉ាងម៉េច ឱ្យទឹកមានជម្រៅកាន់តែជ្រៅ»។
លោកបញ្ជាក់ថា៖ «ជម្រៅទឹករបស់យើងនេះ មានតែជាង៨ម៉ែត្រទេ ប៉ុន្តែជប៉ុនបានធ្វើឱ្យយើងដល់ទៅ ៩,២ ម៉ែត្រ ប៉ុន្តែខ្ញុំសូមបញ្ជាក់ ៩,២ ម៉ែត្រនេះ យើងទទួលបានទំនិញត្រឹមតែ ១៨ ភាគរយទេ ព្រោះនាវាធំៗ អត់បានចូលមកដល់ទេ។ ពិតមែន តែយើងពង្រីកចំណតកុងតឺន័រ ៣៥០ ម៉ែត្រ ហើយចំនួនកុងតឺន័រ ដែលចូលមក នឹងមានចំនួនពី ៥៥០ ០០០ ដល់ ១ លាន ប៉ុន្តែនៅតែទទួលក្នុងបរិមាណ ១៨ ភាគរយដដែល នៃសមត្ថភាពទទួលក្នុងកំពង់ផែនេះ ដូចនេះយើងនៅតែខាត ២០០ ដុល្លារ ក្នុង ១ កុងតឺន័រដដែល»។
សម្រាប់ពត៍មាន បន្ថែមសូមចុចលើទីនេះ។
រៀបរាងដោយ៖ វណ្ណ សុជាតា
ប្រភព៖ ភ្នំពេញបុស្តិ័
ថ្ងៃទី៖ ០១ ឧសភា ២០២៣