ការនាំផលិតផលកសិកម្មកម្ពុជាទៅទីផ្សារអន្តរជាតិ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ ត្រូវប៉ាន់ប្រមាណថា មានតម្លៃជិត ១,៤ ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទិន្នន័យបង្ហាញថា ពីខែមករាមីនា ឆ្នាំ ២០២៣ ការនាំចេញផលិតផលកសិកម្មត្រូវបានប៉ាន់ស្មានថា មានតម្លៃ ១ ៣៨៤ ៥៣៤ ៨៥៦,២៨ ដុល្លារ ដោយក្នុងនោះការនាំចេញអង្ករ មានទឹកប្រាក់ ១៥០ ៩៧៦ ៧៥៥ ដុល្លារ, ស្រូវ ៣១៣ ៨៦៣ ៩១២ ដុល្លារ និងកសិផលក្រៅពីស្រូវអង្ករមាន ៩១៩- ៦៩៤ ១៨៩,២៨ ដុល្លារ។ ចំពោះបរិមាណនៃការនាំចេញកសិផលទៅក្រៅប្រទេសវិញ គឺមានបរិមាណសរុប ២ ៥៩៤ ៧៣៦,៣៦ តោន ទៅទិសដៅ ៥៣ប្រទេស។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន ឡុង ម៉េត និងត្រូពិកខេម ដែលជាក្រុមហ៊ុនដាំដុះ និងនាំចេញ ផលិតផលស្វាយស្រស់ និងចេកស្រស់ បានប្រាប់ឱ្យដឹងក្នុងថ្ងៃទី ២៣ ខែមេសាថា នៅដើមឆ្នាំ ២០២៣ នេះ ការនាំចេញចេកស្រស់របស់កម្ពុជាទៅទីផ្សារក្នុងតំបន់គឺមានភាពគឺមានភាពល្អប្រសើរឡើងវិញបើធៀបនឹងឆ្នាំ ២០២២ ដោយសារប្រទេសចិន ដែលជាទីផ្សារធំលែងមានការបិទខ្ទប់ និងការដឹកជញ្ជូនចាប់ផ្តើមធ្លាក់ថ្លៃបន្តិចមកវិញ។
លោកប្រាប់ថា៖ «ផ្លែចេកនាំចេញធម្មតាមិនមានបញ្ហាអ្វីទេ ដោយឡែកចំពោះស្វាយស្រស់ដែលមានស្តង់ដាវិញ គឺយើងពិបាកក្នុងការប្រមូលទិញបន្តិច ដែលធ្វើឱ្យការនាំចេញមិនគ្រប់ចំនួនកំណត់ ប៉ុន្តែសម្រាប់ការនាំចេញស្វាយទូទៅ (កែច្នៃ)គឺមានជាធម្មតា»។
លោកបន្តថា៖ «កាលពីឆ្នាំមុនស្វាយស្រស់នាំចេញអត់រួច (ការរឹតបន្តឹងទីផ្សារប្រទេសចិន) បានធ្វើឱ្យធ្លាក់ថ្លៃ និងធ្វើឱ្យម្ចាស់ចម្ការ និងកសិករដាំស្វាយមួយចំនួនសម្រេចចិត្តបោះបង់មុខរបរនេះទើបធ្វើឱ្យយើងខ្វះស្វាយវិញនៅពេលគេត្រូវការ»។
លោកបន្តថា ពាក់ព័ន្ធនឹងបញ្ហានេះវាអាចបណ្តាលមកពីកត្តា ២ សំខាន់ គឺវិបត្តិកូវីដ ១៩ បានធ្វើឱ្យតម្លៃផ្លែស្វាយធ្លាក់ចុះ និងការកើនឡើងនៃតម្លៃដឹកជញ្ជូននាអំឡុងជំងឺកូវីដ ១៩ រីករាលដាល។
បែបនេះក្តី លោក ហ៊ុន ឡាក់ អះអាងថា ការនាំចេញចេក និងស្វាយនៅតែមានដំណើរការទៅមុខបានជាធម្មតា និងបានចាប់ផ្តើមស្ទុះងើបឡើងវិញក្នុងឆ្នាំ ២០២៣ នេះ ខណៈប្រទេសចិនកំពុងមានតម្រូវការ។
ចំពោះការនាំចេញអង្ករទៅក្រៅប្រទេសវិញ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ការនាំចេញអង្ករក្នុងត្រីមាសទី១ មានការកើនឡើង ដោយសារតែបរិមាណនាំចេញអង្ករក្រអូបច្រើនជាងពេលមុន ជាពិសេសទៅអឺរ៉ុប។
លោកបញ្ជាក់ថា៖ «ខាងអឺរ៉ុបបានបើកទីផ្សារឡើងវិញធម្មតាហើយទើបអ្នកនាំចេញនាំអង្ករក្រអូបបានច្រើនវិញ និងមិនចាំបាច់បង់ពន្ធទៀតទេ។ កាលពីមុនយើងពិបាកលក់ ប៉ុន្តែឥឡូវស្រួលលក់ជាងមុនដោយសារពន្ធដែលធ្លាប់ដាក់នោះ វាបានបញ្ចប់តាំងពីដើមឆ្នាំ ២០២២ មក ខណៈថ្លៃដឹកជញ្ជូនក៏មានការធូរថ្លៃជាងមុនដែរ»។
លោកបន្តទៀតថា កត្តាមួយទៀតដែលធ្វើឱ្យមានកំណើននៃការនាំចេញអង្ករក្រអូបរបស់កម្ពុជា គឺដោយសារកាលពីចុងឆ្នាំ ២០២២ អង្ករក្រអូបកម្ពុជាបានជាប់ចំណាត់ថ្នាក់ជាអង្ករល្អផ្តាច់គេ ស្របពេលកសិករកំពុងប្រមូលផល ដូចនេះការបញ្ជាទិញនៅដើមឆ្នាំ ២០២៣ នេះ ក៏មានកំណើនដែរ។
សម្រាប់អត្ថបទពេញ សូមចូលទៅកាន់តំណភ្ជាប់នេះ
រៀបរៀងដោយ៖ វណ្ណ សុជាតា
ប្រភព៖ ភ្នំពេញបុស្តិ៍
ថ្ងៃបោះពុម្ពផ្សាយ៖ ២៤ មេសា ២០២៣