រដ្ឋាភិបាលបានអនុម័តនូវគម្រោងវិនិយោគចំនួន ៣ មានទឹកប្រាក់ជាង ១៦ លានដុល្លារទៅលើវិស័យរោងចក្រកាត់ដេរ និងស្បែកជើង សម្រាប់សប្តាហ៍ទី៣ នៃខែមីនានេះ ដែលបង្កើតការងារថ្មីជិត ៣ ពាន់កន្លែង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី ២០ ខែមីនាថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន ៣ ដូចជា ក្រុមហ៊ុន DAZHENGXUAN (CAMBODIA) INDUSTRIAL CO., LTD សម្រប់គម្រោងបង្កើតរោងចក្រផលិតឆត្រ អាវភ្លៀង វាំងនន កន្សែងតុបាយ និងផ្សេងៗ ទៀត ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៦ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ ៧៤១ កន្លែង ក្រុមហ៊ុន XIN YUAN CHENG FACTORY CO., LTD លើគម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣១៨ កន្លែង និងក្រុមហ៊ុន XU WEI GARMENT (CAMBODIA) CO., LTD លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៩៥កន្លែង។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២០ ខែមីនាថា កត្តាអំណោយផលផ្នែកសេដ្ឋកិច្ច ជាពិសេសភាពអនុគ្រោះពន្ធដែលកម្ពុជាទទួលបាន រួមជាមួយការអនុវត្តកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ ជាមួយប្រទេសចិន និងកូរ៉េខាងត្បូង គឺជាកត្តាទាក់ទាញវិនិយោគិនថ្មីចូល មកកម្ពុជាស្ទើរគ្រប់វិស័យ រួមទាំងវិស័យកាត់ដេរផងដែរ។
សម្រាប់អត្ថបទទាំងមូល សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ៖ ម៉ៃ គុណមករា
ប្រភព៖ ខ្មែរ ប៉ុស្ដិ៍
ថ្ងៃបោះពុម្ពផ្សាយ៖ ២១ មិនា ២០២៣