រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក សុខ ចិន្តាសោភា បានលើកឡើងថា វិនិយោគិនជប៉ុនជានិច្ចកាលតែងផ្ដល់ទំនុកចិត្តខ្ពស់មកលើរាជរដ្ឋាភិបាលកម្ពុជា និងបានស្នើឱ្យពួកគេចូលមកបណ្តាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។
ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំលើកទី២៥ នៃគណៈកម្មាធិការចម្រុះកម្ពុជាជប៉ុន ដែលបានរៀបចំនៅទីស្តីការរបស់ CDC កាលពីថ្ងៃទី ២១ ខែកុម្ភៈ ដោយមានការចូលរួមពីសំណាក់ភាគីជប៉ុន លោក Atsushi UENO ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរដ្ឋាភិបាល ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជាជាច្រើនទៀត។
ជាកិច្ចចាប់ផ្តើម លោក ចិន្តាសោភា បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់ជប៉ុននៅកម្ពុជា ដែលកំពុងដើរតួនាទីសំខាន់ក្នុងការរួមចំណែកធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ រាជរដ្ឋាភិបាលបានប្ដេជ្ញាកែលម្អនីតិវិធីរដ្ឋបាលទាំងឡាយក្នុងគោលបំណងធ្វើឱ្យកម្ពុជាក្លាយជាផ្នែកមួយនៃខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។
លោកឱ្យដឹងទៀតថា រដ្ឋាភិបាលនឹងខិតខំបន្ថែមទៀតក្នុងការពន្លឿនការស្តារឡើងវិញ និងការពង្រឹងភាពធន់នៃមូលដ្ឋានសេដ្ឋកិច្ចកម្ពុជាតាមរយៈការបង្កើតបរិស្ថានអនុគ្រោះសម្រួលដល់ការវិនិយោគ ព្រមទាំងការប្រកាសឱ្យប្រើច្បាប់ស្តីពីវិនិយោគ និងការដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក។
លោកថ្លែងថា៖ «វិនិយោគិនជប៉ុនជានិច្ចកាលតែងផ្ដល់ទំនុកចិត្តខ្ពស់មកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដែលជាបុរេលក្ខខណ្ឌចាំបាច់សម្រាប់ការសម្រេចចិត្តវិនិយោគ»។
សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ
រៀបរាងដោយ៖ ហ៊ឹន ពិសី
ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ថ្ងៃបោះពុម្ពផ្សាយ៖ ២២ កុម្ភៈ ២០២៣