លោក ហ៊ុន សែន នាយករដ្ឋមមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស កាលពីពេលថ្មីៗនេះ បានលើកឡើងថា រាជរដ្ឋាភិបាលមានគោលការណ៍បោះទុនរាប់រយលានដុល្លារ ដើម្បីប្រមូលទិញកសិផល របស់ប្រជាកសិករ ចៀសវាងការបន្ទាបថ្លៃឈ្មួញកណ្តាល ឬក៏ឈ្មួញដែលប្រមូលទិញកសិផលពីកសិករ។
នៅក្នុងសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានថ្លែងប្រាប់ឱ្យដឹងដែរថា នៅក្នុងសន្និបាតនេះ មានការណែនាំដល់ក្រសួងជំនាញ ដើម្បីត្រៀមលក្ខណៈពីឥឡូវទៅ ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តគោលការណ៍សំខាន់ៗទាក់ទងនឹងវិស័យកសិកម្មនេះ នៅក្នុងអាណត្តិទី៧ ខាងមុខនេះ។
លោកបានបន្ថែមថា បច្ចុប្បន្ននេះ កម្ពុជាកំពុងមានបញ្ហាចោទទាក់ទងនឹងវិស័យកសិកម្មនេះ ទី១ បច្ចេកទេសក្នុងផលិតកម្ម, ទី២ បញ្ហាទីផ្សារ, ទី៣ ត្រូវគិតគូរពីការបង្កើតសមាគមកសិករ។
លោក សុខ ឥសាន បានថ្លែងបញ្ជាក់ដូច្នេះថា៖« ឥឡូវនេះសន្និបាតដាក់ចេញនូវគោលការណ៍ជួយគាំពារ ដោយមហាសន្និបាតបានលើកឡើងនោះគឺលើកទិសដៅ ដើម្បីដាក់ប្រភពទុនរាប់រយលានដុល្លារ ដើម្បីទទួលនូវកសិផលមួយចំនួន ដើម្បីគាំពារកុំឱ្យតម្លៃកសិផលនេះ ត្រូវបានឈ្មួញកណ្តាលបន្ទាបថ្លៃទៅតាមចិត្ត ដែលធ្វើឱ្យប៉ះពាល់ដល់កសិករយើង។ ដូចនេះយើងត្រៀមបម្រុងហិរញ្ញប្បទាន សម្រាប់ធានាទិញកសិផលរបស់បងប្អូន និងបង្កើតសមាគមកសិកម្ម ដើម្បីឱ្យមានកម្លាំងធៀបជាមួយឈ្មួញ»។
តាមរយៈបណ្តាញសង្គម លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានចំណាប់អារម្មណ៍ថា កម្មវិធីនយោបាយសំខាន់ចំនួន ៥+១ ដែលលើកឡើងដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្ស ជាកម្មវិធីនយោបាយល្អដែលផ្តោតលើវិស័យសង្គមកិច្ចដោយបញ្ចូលបន្ថែមការគាំទ្រដល់ប្រជាពលរដ្ឋនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការបណ្តុះបណ្តាលវិជ្ជាជីវ:ដល់យុវជន និងលើកស្ទួយវិស័យកសិកម្មជាពិសេសការរៀបចំឱ្យមានអ្នកជំនាញកសិកម្មនៅគ្រប់ឃុំ និងទុនសម្រាប់ជួយដោះស្រាយបញ្ហាតម្លៃនិងទីផ្សារកសិផល។
លោកបញ្ជាក់ថា៖ «ខ្ញុំយល់ថា មហាសន្និបាតដំណើរការទៅប្រកបដោយបរិយាកាសល្អប្រសើរនិងទទួលបានលទ្ធផល លើសការរំពឹងទុក ជាពិសេសការសម្រេចលើគោលនយោបាយកសិកម្ម។ការរៀបចំឱ្យមានអ្នកជំនាញកសិកម្មគ្រប់ឃុំ ការគាំទ្រដល់សមាគមកសិករដើម្បីចូលរួមទីផ្សារ និងមានអំណាចចរចាតម្លៃ និងការរៀបចំឲ្យមានទុនសម្រាប់ទិញកសិផលនឹងចូលរួមចំណែកលើកស្ទួយផលិតកម្មកសិកម្ម ប្រាក់ចំណូលកសិករ សន្តិសុខស្បៀង និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល»។
សម្រាប់អត្ថបទដើម សូមចូលទៅកាន់ទីនេះ
រៀបរៀងដោយ៖ វណ្ណ សុជាតា
ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ថ្ងៃបោះពុម្ពផ្សាយ៖ ៣១ មករា ២០២៣