ទឹកប្រាក់ដែលកម្ពុជាប្រមូលបានពីការនាំចេញទំនិញទៅទីផ្សារអន្តរជាតិ ក្នុងឆ្នាំ ២០២២ កើនជាង ១៦%

ទឹកប្រាក់ដែលកម្ពុជាប្រមូលបានពីការនាំចេញទំនិញទៅទីផ្សារអន្តរជាតិ ក្នុងឆ្នាំ ២០២២ កើនជាង ១៦%

 

កម្ពុជា​រកប្រាក់​បាន​ជិត ២២,៥​​ ពាន់​លាន​ដុល្លារ​ពី​ការនាំ​ទំនិញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ​ ២០២២ កើន​ឡើង​ជាង ១៦​ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២១ ខណៈ​ទំហំ​ពាណិជ្ជ​កម្ម​អន្តរជាតិ​បាន​កើន​ដល់​ជាង ៥២,៤ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ១០ ខែមករា ឆ្នាំ​ ២០២៣ បង្ហាញថា ក្នុង​ឆ្នាំ​ ២០២២ ទឹកប្រាក់​នៃ​ការធ្វើ​ពា​​ណិ​ជ្ជ​កម្ម​អន្តរជាតិ​របស់​កម្ពុជា មាន​សរុប ៥២ ៤២៤,៥៣៩​ លាន​ដុល្លារ​កើន ៩,២​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ៤៨ ០១១,៨​ លាន​ដុល្លារ​។​

​បើតាម​ទិន្នន័យ​ខាងលើ គឺ​ទឹកប្រាក់​ដែល​កម្ពុជា​ទទួលបាន​ពី​ការនាំ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​នៅក្នុង​ឆ្នាំ​ ២០២២ គឺមាន​ចំនួន ២២ ៤៨២,៩៣៧ ​លាន​ដុល្លារ កើន ១៦,៤​ ភាគរយ​ពី​ចំនួន ១៩ ៣០៨,៩១​ លាន​ដុល្លារ​កាលពី​ឆ្នាំ​២០២១ និង​ទំនិញ​ដែល​កម្ពុជា​នាំ​ចូល​ពី​ទីផ្សារ​អន្តរជាតិ មាន​ទឹកប្រាក់ ២៩ ៩៤១,៦០២​ លាន​ដុល្លារ កើន​ឡើង ៤,៣ ​ភាគរយ​។​

​ទោះយ៉ាងណា យោងតាម​ទិន្នន័យ​ខាងលើ ជញ្ជីងពាណិជ្ជកម្ម​កម្ពុ​ជាមាន​ឱនភាព ៧ ៤៥៨,៦៦៤ ​លាន​ដុល្លារ ដោយ​ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា​ស្មើនឹង​ប្រមាណ​ជាង ៤២,៨៨​ ភាគ​រយ​នៃ​ការនាំចេញ​នាំចូល​សរុប​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ១០ ខែមករា ថា ចំនួន​ទឹកប្រាក់​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរ​ជាតិ​សម្រាប់​ឆ្នាំ ​២០២៣ នេះ​នឹង​បន្ត​កើនឡើង​ថែមទៀត ពីព្រោះ​ការចាប់​ផ្តើម​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​បាន​ចុះហត្ថលេខា​កន្លងមក​ដូច​ជា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេ​ភាគី​កម្ពុជា​-​ចិន ​(CCFTA), កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​កូរ៉េ ​(CKFTA), កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP),​ព្រមទាំង​ការទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំចូល​ទំនិញ​ទៅ​សហគមន៍​អឺរ៉ុប​ (EBA) និង​អា​មេ​រិ​ក GSP នឹង​បន្ត​ដើរតួនាទី​ក្នុងការ​​នាំយក​ផលិតផល​កម្ពុជា​ទៅ​ដាក់លក់​នៅ​ទីផ្សារ​ប្រទេស​កាន់តែច្រើន​។​

​ទាក់ទង​នឹង​ឱនភាព​ជញ្ជីង​ពាណិជ្ជ​កម្ម​អន្តរជាតិ លោក លឹម ហេង បាន​ប្រាប់ថា មិនមែនជា​ក្តីបារម្ភ​ទេ ព្រោះ​ផលិតផល​ដែល​កម្ពុជា​នាំចូល គឺមាន​មួយចំនួន​ជា​វត្ថុធាតុដើម ឬ​គ្រឿង​បង្គុំ​សម្រាប់​ដំណើរការ​ផលិតកម្ម​នាំចេញ និង​មួយចំនួន​ប្រើ​សម្រាប់​ទៅ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ទាក់ទាញ​ការ​​វិនិយោគ​ថ្មីៗ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​ជឿថា​ចំនួន​ទឹក​ប្រាក់​បាន​ពី​ការនាំចេញ​របស់​កម្ពុជា​នឹង​បន្ត​កើន​ថែមទៀត​ក្នុង​ឆ្នាំ​ ២០២៣ នេះ​។ ចំនួន​ការវិនិយោគ​ថ្មីៗ​ក៏​នឹង​បន្ត​កើនឡើង​ផងដែរ​»​។​

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយថា កំណើន​ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា ២​ ខ្ទង់ កាលពី​ឆ្នាំ​ ២០២២ បង្ហាញថា ចន្ទល់​សេដ្ឋកិច្ចកម្ពុជា​មាន​ភាព​រឹងមាំ​ល្អ បើទោះបីជា​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេសមួយ​ចំនួន​នៅ​បន្ត​ជាប់គាំង​ដែល​បណ្តាលមកពី​វិបត្តិ​ជាច្រើន​ដូចជា ជំងឺ​កូ​វីដ​ ១៩ ការ​កើន​ឡើង​តម្លៃ​ប្រេងឥន្ធនៈ សង្គ្រាម​នៅ​ប្រ​ទេស​អ៊ុយ​ក្រែ​ន និង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​រវាង​មហាអំណាច​ធំៗ​។​

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ចាប់នេះ

 

ដោយ៖ ហ៊ឹន ពិសី

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិចេ្ឆទ៖ ថ្ងៃទី​ ១១ ខែមករា ឆ្នាំ ២០២៣

https://pafipayakumbuhkab.org slot thailand slot 4d