ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តដាក់ឱ្យដំណើរការគម្រោងធានាឥណទាន ដើម្បីស្ដារអាជីវកម្ម (BRGS) របស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) នៃកញ្ចប់ប្រាក់ធានាកម្ចីចំនួន ២០០ ដុល្លារ ដើម្បីគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូច និងមធ្យម (MSMEs) និងសហគ្រាសខ្នាតធំ ក្នុងការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) សម្រាប់ធ្វើជាទុនបង្វិល, ការវិនិយោគ, និងការពង្រីកអាជីវកម្ម។
យោងតាមការប្រកាសពី CGCC ការប្រកាសបន្តដាក់ឱ្យដំណើរការ «គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (Business Recovery Guarantee Scheme, BRGS)» ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ តទៅ រហូតដល់គម្រោងនេះត្រូវបានប្រើប្រាស់អស់។ «CGCC បានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់បំផុតពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបន្តដាក់ឱ្យដំណើរការគម្រោង BRGS នេះ ដោយកែសម្រួលលក្ខខណ្ឌមួយចំនួន ឱ្យមានភាពប្រសើរឡើងដូចជា សុពលភាពនៃគម្រោង, ការកំណត់និយមន័យនៃអាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូច និងមធ្យម និងសហគ្រាសខ្នាតធំ, និងការកំណត់ទំហំជាអតិបរមាសម្រាប់កម្ចីនីមួយៗ។ CGCC ទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីគាំទ្រដល់ការ-រីកចម្រើននៃអាជីវកម្មជាមួយ BRGS»។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន។
លោក តូច ចៅចេក នាយកប្រតិបត្តិនៃធនាគារប្រៃសណីយ៍កម្ពុជា ភីអិលស៊ី ដែលជា PFI ស្វាគមន៍ចំពោះការបន្តគម្រោងនេះ ដោយសារវាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់លទ្ធភាពកាន់តែច្រើនដល់សហគ្រាសធុនតូច និងមធ្យមអាចទទួលបានប្រាក់កម្ចីកាន់តែ ច្រើនពីគ្រឹះស្ថានហិរញ្ញវត្ថុដែលបានចូលរួមក្នុងគម្រោងនេះ។
លោកបានថ្លែងបន្តទៀតថា៖ «គម្រោងនេះកំពុងជួយយ៉ាង ច្រើនសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលកំពុងប្រឈមនឹងការខ្វះខាតមូលនិធិ និងមិនមានទ្រព្យបញ្ចាំគ្រប់គ្រាន់ ដោយប្រើគម្រោងនេះដើម្បីទទួលបានកម្ចីសម្រាប់ការរស់រាន ឬការពង្រីកអាជីវកម្ម»។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ៖ ម៉ៃ គុណមករា
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣