ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank Cambodia) បានបញ្ចេញឥណទានក្នុងទឹកប្រាក់ជាង ៤៣២ លានដុល្លារគិតត្រឹមថ្ងៃទី ២៧ ខែធ្នូ ដល់ SMEs ជាង ៣ ២៦០ សហគ្រាសក្នុងការបន្តនិរន្តរភាព បើកអាជីវកម្មឡើងវិញ និងពង្រីកអាជីវកម្ម ក្រោយពីទទួលរងផលប៉ះពាល់ដោយសារតែការរីករាលដាលជំងឺកូវីដ ១៩ ជាង ២ ឆ្នាំកន្លងមកនេះ។
ធនាគារ SMEs គឺជាធនាគារដែលផ្តួចផ្តើមដោយរដ្ឋាភិបាលត្រូវបានបង្កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០២០ និងចាប់ផ្តើមដំណើរការផ្តល់ឥណទានដោយ ផ្ទាល់ និងតាមរយៈសហហិរញ្ញប្បទានជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដែលបានចូលរួមចំនួន ៣៣។
លោក លឹម អូន អគ្គនាយកធនាគារ SME បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២៨ ខែវិច្ឆិកាថា គិតចាប់តាំងពីបើកដំណើរការរហូតដល់ថ្ងៃទី ២៧ ខែធ្នូ ធនាគាររបស់លោកបានផ្តល់ឥណទានដល់ SME ចំនួន ៣ ២៦០ គិតជាទឹកប្រាក់គឺជាង ៤៣២ លានដុល្លារ។ ក្នុងនោះ ហិរញ្ញប្បទានដែលផ្តល់តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមមានចំនួន ៣៨១ លានដុល្លារអាមេរិក បានផ្តល់ជូនដល់អតិថិជនចំនួន ៣ ០៣៣ សហគ្រាស និង ឥណទានដែលបញ្ចេញដោយផ្ទាល់ពីធនាគារ SME ទៅអតិថិជនចំនួន ២២៧ សហគ្រាស ស្មើនឹងទំហំទឹកប្រាក់ ៥១,៣១ លានដុល្លារ។
លោក លឹម អូន ថ្លែងថា ការផ្តល់ហិរញ្ញប្បទាននេះ ទាំងតាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុដៃគូ និងតាមរយៈធនាគារ SME គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយស្តារឡើងវិញ និងធ្វើឱ្យប្រសើរឡើងនូវអាជីវកម្មក្នុងស្រុកយើងដែលបានទទួលរងដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ ១៩ រយៈពេលជាង ២ ឆ្នាំមកនេះបន្តនិរន្តរភាព និងការរីកលូតលាស់ទៅមុខទៀត។
លោកបានថ្លែងបន្តទៀតថា វិស័យអាទិភាពគឺ កែច្នៃ និងផលិតកម្មដែលផ្តោតជាសំខាន់ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ វិស័យទាំង ២ នេះគឺទទួលបានជាង៥០នៃទំហំឥណទានដែលបានបញ្ចេញ។
លោកបានបញ្ជាក់ឱ្យដឹងទៀតថា៖ «តាមរយៈគម្រោងហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលដែលមានធនាគារ SME ជាអ្នកអនុវត្ត និងក៏មានការចូលរួមពីដៃគូគ្រឹះស្ថានហិរញ្ញវត្ថុគឺវាពិតជាបានចូលរួមចំណែកក្នុងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមរបស់ប្រទេសកម្ពុជាយើង នៅក្នុងនោះអាជីវកម្មនៅក្នុងវិស័យទេសចរណ៍ក៏ទទួលបានការគាំទ្រផងដែរ»។
លោកបានថ្លែងបន្តទៀតថា៖ «យើងសង្កេតឃើញថា តាមរយៈប្រភពទុនដែលផ្តល់ជូននេះគឺអ្នកដែលទទួលបានទុនគាត់មានលទ្ធភាពក្នុងការចាប់ផ្តើមអាជីវកម្មឡើងវិញ លទ្ធភាពក្នុងការបន្ត និងពង្រីកអាជីវកម្ម និងរក្សាបាននូវនិរន្តរភាពអាជីវកម្មរបស់ពួកគាត់ ជាពិសេសអាជីវកម្មដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិកូវីដ ១៩»។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ៖ ម៉ៃ គុណមករា
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ២០២២