ប្រទេសកម្ពុជា រកចំណូលបានជាង ៣ ពាន់លានដុល្លារពីការនាំចេញកសិផលក្នុងរយៈពេល ១០ ខែដើមឆ្នាំនេះទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទៅកាន់ទីផ្សារក្នុងតំបន់ដូចជាទីផ្សារចិន និងកូរ៉េខាងត្បូងដែលបានបើកទីផ្សារកាន់តែធំដល់កសិផលកម្ពុជាដោយរួចពន្ធនាំចូល តាមរយៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលទើបចូលជាធរមាន។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម ចេញផ្សាយកាលពីថ្ងៃទី ២០ ធ្នូ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ រយៈពេល ១០ ខែ ឆ្នាំ២០២២ ដែលទទួលបានពីការនាំចេញកសិផល មានចំនួន ៣ ០៦៩ ៩៧២៣៤៩ ដុល្លារអាមេរិក។ សម្រាប់ការនាំចេញទាំងនោះរួមមានការនាំចេញអង្ករមានបរិមាណចំនួន ៥០៩ ២៤៩ តោនកើនឡើង ១០.៦៧% មានទឹកប្រាក់ ៤៣៥ ៤០៧ ៨៩៥ ដុល្លារ; ការនាំចេញស្រូវមានបរិមាណ ២ ៤៤០ ១១២ តោន ថយចុះ ៨,២៧% មានទឹកប្រាក់ ៤៩២៩០២ ៦២៤ ដុល្លារ។
ចំណែកការនាំចេញកសិផលក្រៅពីស្រូវអង្ករមានបរិមាណ ៤ ៦៦៩ ៩៧៤ តោនកើនឡើង ១០,៦៣% មានទឹកប្រាក់ជាង ២ ពាន់លានដុល្លារ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២១ ខែធ្នូថា លោកសង្កេតឃើញថា ការដាំដុះបានបន្តរក្សាបានកំណើនជារៀងរាល់ឆ្នាំ ដែលជាការបើកលទ្ធភាពឱ្យកម្ពុជាធ្វើការនាំចេញកាន់តែច្រើនទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស បានកំពុងអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និង កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀង RCEP ផងនោះបានបើកទីផ្សារកាន់តែទូលាយសម្រាប់ការនាំចេញកសិផលរបស់កម្ពុជា។
លោកបានថ្លែងថា៖ «ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺយើងទទួលបានការរួចពន្ធច្រើនសម្រាប់ផលិតផលកសិកម្មរបស់យើង ហេតុដូច្នេះហើយ យើងបានកំពុងទាក់ទាញការវិនិយោគពីបរទេសកាន់តែច្រើនក្នុងការជំរុញការដាំដុះ និងការនាំចេញ។ លើសពីនេះទៅ ទៀតខ្ញុំសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់យើងក៏ផលិតតម្រូវទៅតាមទីផ្សារនាំចេញផងដែរ ដូចជា ស្រូវ អង្ករ ពោត ស្វាយ ផ្លែចេក គឺកាន់តែមានគុណភាពល្អសម្រាប់ការនាំចេញ»។
សម្រាប់អត្ថបទទាំងស្រុងសូមចូលទៅកាន់ដំណភ្ជាប់នេះ
រៀបរៀងដោយ៖ លោក ម៉ៃ គុណមករា
ប្រភពដើម៖ ភ្នំពេញ ប៉ុស្តិ៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២